បណ្ដាមេដឹកនាំ និងទីភ្នាក់ងារសុខភាពអាហ្រ្វិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការហក់ឡើងឥតឈប់ឈរនៃការផ្ទុះរាលដាលជំងឺអេបូឡា ក្នុងសាធារណរដ្ឋប្រជាធិបេត្យកុងហ្គោ និងអ៊ូហ្គង់ដា ដោយប្ដេជ្ញាបញ្ចេញថវិកាជិត៥០០លានដុល្លារអាមេរិកសម្រាប់ការឆ្លើយតប ខណៈបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំង កំពុងប្រឹងប្រែងផលិតថ្នាំព្យាបាលជំងឺនេះ ស្របពេលអត្រាឆ្លងរាលដាល និងស្លាប់កំពុងហក់ឡើងខ្ពស់។

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកម្រិតខ្ពស់តាមប្រព័ន្ធអនឡាញកាលពីថ្ងៃចន្ទ លោក Jean Kaseya អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បាននិយាយថា ករណីសង្ស័យជាង ៩០០ ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានករណីឆ្លងដែលបានបញ្ជាក់ជាង ១០០ ករណីត្រូវបានកត់ត្រានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា រួមជាមួយនឹងករណីស្លាប់ជាង ២០០ នាក់នៅក្នុងប្រទេសទាំងពីរ។

លោកថា ការផ្ទុះឡើងនៃជំងឺអេបូឡាបច្ចុប្បន្នបានលើសពីទំហំនៃការផ្ទុះឡើងនៃជំងឺអេបូឡាពីមុនរួចទៅហើយ នៅពេលដែលវីរុសនេះ ត្រូវបានប្រកាសជាផ្លូវការ។
លោកបន្តថា នៅពេលដែលការផ្ទុះឡើងនៃជំងឺបច្ចុប្បន្នត្រូវបានប្រកាស ពួកលោកមានករណីសង្ស័យថាបានឆ្លងចំនួន ២៣៦ ករណី និងអ្នកស្លាប់ចំនួន ៦៤ នាក់រួចហើយ ហើយទោះបីជាមាននិន្នាការនេះក៏ដោយ ពួកលោកនៅតែមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលដែលមានអាជ្ញាប័ណ្ណនៅឡើយដែរ៕
