បាល់ទាត់៖ ក្រុមបាល់ទាត់ Fulham បានធានាកៅអីឡើងមកកាន់ក្របខណ្ឌកំពូល English Premier League វិញហើយក្រោយយកឈ្នះ Preston North End ៣-០ យប់មិញ។

ខ្សែប្រយុទ្ធស៊ែប Aleksandar Mitrovic បន្តរកបានគ្រាប់បាល់ពីរគ្រាប់ម្នាក់ឯងក្នុងជ័យជំនះ ៣-០ នេះដែលធ្វើឱ្យគ្រាប់បាល់សរុបរបស់គេឡើងដល់ ៤០គ្រាប់ហើយក្នុងរដូវកាលនេះ។ កីឡាករយុវជន Fabio Carvalho ក៏រកបានមួយគ្រាប់ដែរឱ្យ Fulham យកឈ្នះ Preston ក្នុងសប្តាហ៍ទី៤២ នៃក្របខណ្ឌ League Championship។ Fulham នៅពេលនេះមានសរុប ៨៦ពិន្ទុពីការប្រកួត ៤២លើក ខណៈនៅសល់ ៤ប្រកួតទៀតទើបចប់រដូវកាល តែដាច់ក្រុមលេខ ៣ នៃតំបន់ Play-Off ១៣ពិន្ទុ និងដាច់ក្រុមលេខ ២ Bournemouth ៩ពិន្ទុ។
Fulham ដែលដឹកនាំដោយលោក Marco Silva មកដល់ពេលនេះបានស៊ុតបញ្ចូលទីសរុប ៩៨គ្រាប់ហើយ។ Fulham នៅមានឱកាសបំបែកកំណត់ត្រារបស់ Manchester City ដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅក្របខណ្ឌទី២ អង់គ្លេសកាលពីឆ្នាំ១៩៩២ សរុប ១០៨គ្រាប់៕
អត្ថបទ៖នាង សុភាវុធ