ប្រតិបត្តិការស្វែងរកអ្នកភូមិ ៧នាក់ដែលជាប់ក្នុងរូងភ្នំលិចទឹក នៅភាគកណ្តាលប្រទេសឡាវ បានចូលដល់ថ្ងៃទី៧ ហើយ នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានប្រឈមនឹងឧបសគ្គ ដោយសារសណ្ឋានដីលំបាក និងអាកាសធាតុមិនអំណោយផល ខណៈពេលដែលពួកគេព្យាយាមទៅឲ្យដល់ក្រុមមនុស្សដែលស្ថានភាពរបស់ពួកគេ នៅមិនទាន់ដឹងយ៉ាងណា។
យោងតាមក្រុមជួយសង្គ្រោះ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ បានឲ្យដឹងថា អ្នកភូមិទាំងនោះ បានចូលទៅក្នុងរូងភ្នំ នៅក្នុងខេត្ត Xaisomboun កាលពីថ្ងៃទី១៩ ខែឧសភា តែភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់គំហុកភ្លាមៗ ហើយបានធ្វើឲ្យច្រកចេញត្រូវបិទជិត។

អង្គការ Rescue Volunteer for People របស់ឡាវ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនថា ផែនការប្រតិបត្តិការកាលពីថ្ងៃអង្គារ រួមមានការរុករករន្ធខ្យល់ នៅពីលើរូងភ្នំ ដោយសង្ឃឹមថា នឹងកំណត់អត្តសញ្ញាណចំណុចចូលដែលអាចធ្វើទៅបាន និងកំណត់ទីតាំងមនុស្សដែលជាប់នៅក្នុងនោះ។
បើយោងតាមអ្នកជួយសង្គ្រោះ បានឲ្យដឹងថា អ្នកមុជទឹកបានរុករកប្រហែល ១០០ម៉ែត្រចូលទៅក្នុងរូងភ្នំដ៏តូចចង្អៀតដែលលិចទឹកនេះ។ ពួកគេជឿថា អ្នកភូមិអាចជាប់នៅចម្ងាយប្រហែល ៣០ម៉ែត្រ លើសពីចំណុចឆ្ងាយបំផុត ដែលអាចចូលទៅដល់បាននាពេលនេះ។ ពួកគេកំពុងព្យាយាមបូមទឹកចេញពីរូងភ្នំ ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកនេះ។
ទីតាំងនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយនៃតំបន់ Longcheng របស់ខេត្ត Xaisomboun ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ នៅភាគខាងជើងនៃរដ្ឋធានីវៀងចន្ទន៍។ អ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ បានរៀបរាប់លម្អិតនៅលើបណ្ដាញសង្គម អំពីសណ្ឋានដីភ្នំដ៏លំបាក និងភ្លៀងធ្លាក់ខ្លាំងដែលកំពុងរារាំងប្រតិបត្តិការនេះ៕


