អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) ថា លោកមានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះការប្រកាសរបស់រុស្ស៊ី ដែលថា ខ្លួនមានគម្រោងវាយប្រហារលើសហគ្រាសការពារជាតិអ៊ុយក្រែន និងមជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត នៅទីក្រុងគីវ។
លោក Guterres បានធ្វើការកត់សម្គាល់នេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីទីក្រុងមូស្គូបានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនមានបំណងវាយប្រហារបែបនេះ ពោលគឺ ១ថ្ងៃបន្ទាប់ពីមានការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយរបស់ខ្លួន លើទីក្រុងនេះ ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្តើម។

លោក Guterres បាននិយាយថា ការប្រកាសរបស់រុស្ស៊ី បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ អំពីការវាយប្រហារដោយយានដ្រូនដោយអ៊ុយក្រែន លើអគារមហាវិទ្យាល័យ និងអន្តេវាសិកដ្ឋានមួយ នៅក្នុងទីក្រុង Starobilsk របស់ប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នគ្រប់គ្រងដោយរុស្ស៊ី។
លោកបានមានប្រសាសន៍ថា៖ «យើងបានថ្កោលទោសការវាយប្រហារលើសាលារៀន ពោលគឺដូចដែលយើងថ្កោលទោសការវាយប្រហារទាំងអស់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល មិនថា វាកើតឡើងនៅទីណាក៏ដោយ»។
លោក Guterres បានបន្ថែមថា៖ «ឥឡូវនេះ ច្រើនជាងពេលណាៗទាំងអស់ វាគឺជាការចាំបាច់ ក្នុងការបញ្ចៀសកុំឲ្យកើនឡើងជម្លោះដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលរួចហើយ ហើយវាប្រឈមធ្វើឲ្យការស្វែងរកសន្តិភាពកាន់តែពិបាកខ្លាំងឡើងៗ ដែលនាំឲ្យទុក្ខវេទនារបស់ប្រជាជនកាន់តែអូសបន្លាយ»៕

