អ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានសម្លាប់ប្រធានក្រុមអង្គភាពប្រដាប់អាវុធដែលទើបតែងតាំងថ្មីរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ប៉ុន្មានថ្ងៃបន្ទាប់ពីខ្លួនបានសម្លាប់អ្នកកាន់តំណែងមុនរបស់លោក ខណៈកំពុងបង្កើនសម្ពាធយោធានៅហ្កាហ្សា និងពង្រីកប្រតិបត្តិការនៅលីបង់។
យោធាអ៊ីស្រាអែលបាននិយាយថាលោក Mohammad Odeh ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយនៅហ្កាហ្សាកាលពីថ្ងៃអង្គារ ២៦ឧសភា សប្ដាហ៍នេះ។

សាច់ញាតិម្នាក់របស់លោក Odeh បានបញ្ជាក់ពីការស្លាប់របស់លោកទៅកាន់សារព័ត៌មាន Reuters ហើយបាននិយាយថាពិធីបុណ្យសពនឹងធ្វើឡើងបន្ទាប់ពីពិធីបួងសួងពេលថ្ងៃត្រង់នៅទីក្រុងហ្កាហ្សា។
ក្រុមហាម៉ាសពុំទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការនៅឡើយទេ ប៉ុន្តែសេចក្តីថ្លែងការណ៍មួយពីក្រុមគ្រួសាររបស់លោក បាននិយាយថាលោកត្រូវបានសម្លាប់រួមជាមួយប្រពន្ធ និងកូនប្រុសរបស់លោក។
មន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថាមនុស្ស៦នាក់ រួមទាំងស្ត្រីយ៉ាងហោចណាស់ម្នាក់ត្រូវបានសម្លាប់ និងជាង២០នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលដូចគ្នា ដែលបានបំផ្លាញជាន់ខាងលើនៃអគារអឹផាតមិនមួយនៅក្នុងសង្កាត់ Rimal ក្នុងទីក្រុងហ្កាហ្សា។ ក្រុមអ្នកសង្គ្រោះនៅតែស្ថិតនៅកន្លែងកើតហេតុដើម្បីស្វែងរកអ្នករងរបួសបន្ថែមទៀត៕

