រុស្ស៊ី៖ ប្រទេសរុស្ស៊ីកំពុងចោទប្រកាន់ប្រទេសអ៊ុយក្រែនថា បានប្រើខែលប្រជាជនដើម្បីការពាររោងចក្រដែក Azovstal ក្នុងការបំណងការពារការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រនេះនៅក្នុងទីក្រុង Mariupol។ លោក Dmitry Polyanskiy តំណាងរងរបស់សហព័ន្ធរុស្ស៊ីបាននិយាយទៅកាន់អង្គការសហប្រជាជាតិថា ក្រុមជ្រុលនិយម និងណាស៊ីនិយមបែបថ្មីបានអះអាងថា មានជនស៊ីវិលនៅជាមួយពួកគេនៅក្នុងរោងចក្រនេះ។
លោក Polyanskiy បានរិះគន់ប្រទេសលោកខាងលិច ចំពោះការមិនអើពើទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមតាមការចោទប្រកាន់ ប្រព្រឹត្តដោយយោធាអ៊ុយក្រែនដែលតាមការរាយការណ៍ថា បានប្រើប្រាស់គ្រាប់បែកចង្កោមមកលើកងកម្លាំងរុស្ស៊ី។ លោក Polyanskiy និយាយថា ឆន្ទៈក្នុងការថ្កោលទោសឧក្រិដ្ឋកម្មដ៏ឃោឃៅនេះ និងការបំពានបែបជ្រុលនិយមលើបទដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ ជាអ្វីសម្រាប់ហេតុផលមួយចំនួនដែលយើងមិនឃើញ ក្រុមប្រទេសលោកខាងលិចណាមួយមានវិធានការឡើយ។
ប្រធានទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិបាននិយាយថា វាមានសារៈសំខាន់ដើម្បីធានាថា ប្រជាជនដែលភៀសខ្លួនចេញពីអ៊ុយក្រែនមានលទ្ធភាពទទួលបានការគាំទ្រ និងសេវាកម្មគ្រប់គ្រាន់ និងដើម្បីជួយសម្រួលដល់ការដាក់បញ្ចូលពេញលេញរបស់ពួកគេនៅក្នុងប្រព័ន្ធអប់រំ និងសុខភាពទៅក្នុងទីផ្សារការងារ។ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន លោក Antonio Vitorino អគ្គនាយកនៃអង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ (IOM) បានស្វាគមន៍ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងផ្តល់ការការពារបណ្តោះអាសន្នដល់ប្រជាជនភៀសខ្លួនពីសង្គ្រាមមកពីអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន