អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើងនៅក្រោយប្លុកអគារផ្ទះល្វែងនៃផ្សារទំនើបជនជាតិជ្វីហ្វ ស្ថិតតាមផ្លូវ Golders Green នៅតំបន់ភាគពាយ័ព្យទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស នាព្រឹកថ្ងៃពុធនេះ ។
រូបភាពវីដេអូឃ្លីបឃើញសំណុំផ្សែងពណ៌ខ្មៅយ៉ាងក្រាស់ហុយលើអាកាស ហើយរថយន្តពន្លត់អគ្គិភ័យ និងក្រុមនគរបាល នៅកន្លែងកើតហេតុ ។
សារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម X នគរបាលក្រុងឡុងដ្រ៍ និយាយថា ពុំមានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ហើយវាលឿនពេកហើយ ក្នុងការកំណត់ពីមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះឡើង ។
អ្នកស្រុកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ និយាយថា លោករស់នៅតាមផ្លូវ Golders Green ។ ឈរពីលើដំបូលផ្ទះ ពួកយើងបានឃើញផ្សែងហុយ ឪពុករបស់លោកនិយាយប្រាប់លោកឲ្យទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យ ។
លោកបន្តថា វាចាប់ផ្តើមឆាប់ឆេះដំបូងនៅឃ្លាំងស្តុកទំនិញ ហើយវាចាប់ផ្តើមរីករាលយ៉ាងឆាប់រហ័ស និងអណ្តាតភ្លើងកាន់តែខ្ពស់ វាពិតជាក្តៅខ្លាំងណាស់ កម្តៅនេះហើយបានធ្វើឲ្យកំប៉ុងហ្គាសផ្ទុះ ហើយមានអាស៊ីតច្រើនណាស់នៅក្នុងឃ្លាំង ហើយវាគឺជាអគ្គិភ័យដ៏ធំមួយនៅថ្ងៃនេះ ៕

