ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់ភ្នំនៅរដ្ឋភាគខាងជើង Himachal Pradesh និង Uttarakhand របស់ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារ និងបន្តឆាបឆេះរហូតដល់ថ្ងៃពុធនេះ បណ្តាលឲ្យខូចខាតដៃព្រៃអស់ជាច្រើនហិចតា ។
អណ្តាតភ្លើង ត្រូវបានគេមើលឃើញរីករាលដាលយ៉ាងឆាប់រហ័សនៅលើដីព្រៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃបៃតងក្នុងតំបន់នោះ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ភ្លើងឆេះព្រៃថ្មីៗ ត្រូវបានគេរាយការណ៍ផងដែរនៅទីក្រុងតំបន់ភ្នំ Kasauli និង Shimla ស្ថិតក្នុងរដ្ឋ Himachal Pradesh ជាទីដែលកងទ័ពអាកាសឥណ្ឌា បានដាក់ពង្រាយឧទ្ធម្ភាគចក្របំពាក់ដោយធុងទឹក ដើម្បីពន្លត់អណ្តាតភ្លើង ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាតែងតែមើលឃើញករណីភ្លើងឆេះព្រៃកើនឡើង ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់នៅពាក់កណ្តាលខែមីនា រហូតដល់រដូវវស្សាចាប់ផ្តើម នៅខែមិថុនា ៕

