ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់បានទទួលសេចក្តីព្រាងនៃក្របខ័ណ្ឌដំបូង និងមិនផ្លូវការសម្រាប់អនុស្សរណៈនៃការយោគយល់ជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់ជម្លោះរបស់ភាគីទាំង២។
ក្រោមក្របខ័ណ្ឌនេះ អ៊ីរ៉ង់នឹងស្តារការដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញដល់កម្រិត មុនសង្គ្រាម ក្នុងរង្វង់រយៈពេល ១ខែ ខណៈដែលសហរដ្ឋអាមេរិក នឹងដកកម្លាំងយោធាចេញពីតំបន់ជុំវិញអ៊ីរ៉ង់ និងលុបការហ៊ុមព័ទ្ធផ្លូវទឹក។
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ក្របខ័ណ្ឌនេះ ដែលមិនរាប់បញ្ចូលនាវាយោធា និងដែលឃើញអ៊ីរ៉ង់គ្រប់គ្រងចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រនេះ ដោយសហការជាមួយអូម៉ង់ មិនទាន់បានបញ្ចប់សព្វគ្រប់នៅឡើយទេ ហើយទីក្រុងតេអេរ៉ង់នឹងមិនចាត់វិធានការ ដោយមិនមាន «ការផ្ទៀងផ្ទាត់ជាក់ស្តែង» ឡើយ។
ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយត្រូវបានឈានដល់ ក្នុងរង្វង់រយៈពេល ៦០ថ្ងៃ វាអាចត្រូវបានអនុម័តជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានចំណងផ្លូវច្បាប់។
បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈ អនុស្សរណៈនៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងលេចចេញជារូបរាងនេះ បានកើតចេញពីការចរចាដោយប្រយោលដែលបានចាប់ផ្តើមឡើងដោយប៉ាគីស្ថានដើរតួនាទីជាអន្តរការី រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន៕