លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឲ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលប្រមាណ ១១ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកកវិទ្យា ជាង ៤០០ ករណី ក្នុងនោះសមត្ថកិច្ចបានអនុវត្តច្បាប់ ដោយបានដកហូត និងព្យួរអាជ្ញាប័ណ្ណ កាស៊ីណូចំនួន ២៥ ទីតាំងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីបញ្ឈប់មិនឱ្យមានសកម្មភាពអាជីវកម្មទៀតឡើយ។
គ.ប.ឆ.ប. បានបន្តថា ក្នុងរយៈពេលដដែល សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៤៣ សំណុំរឿង/ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤៥៨ នាក់ ក្នុងនោះមាន ស្ត្រីចំនួន ២០១ នាក់ មាន ១៩សញ្ជាតិ គឺជនជាតិចិន ម៉ាឡេស៊ី ជប៉ុន បង់ក្លាដេស កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ុងហ្គោលលី កៀហ្សីស៊ីស្ថាន ស្រីលង្កា ឡាវ និងខ្មែរដែរ។
គ.ប.ឆ.ប. បានបញ្ជាក់ថា ក្នុងយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសគិតចាប់ពីខែមករាឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៨ ៨៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន ២ ២៦៣ នាក់ មាន ៣៣ សញ្ជាតិ៕ អត្ថបទ : វង្ស សុភាព




