យោងតាមឯកសារដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ២៧ឧសភា សប្ដាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យសហរដ្ឋអាមេរិកផ្តល់គ្រាប់រំសេវបន្ថែមទៀតសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot របស់ខ្លួន ដើម្បីទប់ទល់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ី។

ការអំពាវនាវនេះគូសបញ្ជាក់ពីការពឹងផ្អែកស្ទើរតែទាំងស្រុងរបស់អ៊ុយក្រែនលើសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ដើម្បីបាញ់ទម្លាក់ការគ្រាប់មីស៊ីលរបស់រុស្ស៊ី ទោះបីជាបានបង្កើតប្រព័ន្ធសម្រាប់ស្ទាក់ចាប់យានដ្រូនរយៈចម្ងាយឆ្ងាយ ជាការច្រណែនរបស់ប្រទេសមួយចំនួនដែលមានយោធាជឿនលឿនបំផុតរបស់ពិភពលោកក៏ដោយ។
សំណើនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនដ៏ខ្លាំងក្លាបំផុតមួយ ទៅលើទីក្រុងគីវ ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារពេញបន្ទុកលើអ៊ុយក្រែនជាងបួនឆ្នាំមុន ដែលបានបង្កការបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋធានី។

នៅក្នុងលិខិតមួយចេញផ្សាយថ្ងៃទី២៦ ខែឧសភា និងផ្ញើទៅកាន់ប្រធានាធិបតី Donald Trump លោក Zelenskyy បានស្នើសុំឱ្យសហរដ្ឋអាមេរិកថា "សូមជួយយើងទទួលបានឧបករណ៍ការពារដ៏សំខាន់នេះប្រឆាំងនឹងភេរវកម្មរបស់រុស្ស៊ី គឺ មីស៊ីល Patriot PAC-3 និងប្រព័ន្ធបន្ថែម ដើម្បីបញ្ឈប់មីស៊ីលផ្លោងរបស់រុស្ស៊ី និងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីផ្សេងទៀត"។
ទីប្រឹក្សារបស់លោក Zelenskyy គឺលោក Dmytro Lytvyn បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងការសន្ទនាតាមបណ្ដាញសង្គម WhatsApp ថាលិខិតមួយត្រូវបានផ្ញើទៅកាន់ប្រធានាធិបតី និងសភាអាមេរិករួចហើយ៕
