ប្រធានអង្គការសុខភាពពិភពលោក(WHO) បានព្រមានកាលពីថ្ងៃពុធ ទី២៧ ខែឧសភា ថា ជម្លោះនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងជំងឺ Ebola ខណៈប្រទេសអ៊ូហ្គង់ដា បានប្រកាសថាខ្លួនបិទព្រំដែនជាមួយប្រទេសកុងហ្គោ។

អង្គការសុខភាពពិភពលោក បានកត់ត្រាអ្នកស្លាប់ដោយជំងឺ Ebola ដែលត្រូវបានបញ្ជាក់មានចំនួន១០នាក់ ខណៈអ្នកស្លាប់ដែលសង្ស័យដោយសារជំងឺនេះមានចំនួន២២៣នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចាប់តាំងពីការផ្ទុះឡើងត្រូវបានប្រកាសនៅពាក់កណ្តាលខែឧសភា ក្នុងចំណោមករណីដែលត្រូវបានបញ្ជាក់ និងសង្ស័យជាង ១.០០០ ករណី។

ប្រមុខរបស់អង្គការនេះ មានការព្រួយបារម្ភថា អសន្តិសុខនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលត្រូវបានញាំញីរយៈពេលបីទសវត្សរ៍មកហើយដោយជម្លោះពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធជាច្រើនក្រុម កំពុងធ្វើឱ្យវាពិបាកខ្លាំងក្នុងការទប់ស្កាត់ការផ្ទុះឡើងជំងឺ។
ប្រមុខទីភ្នាក់ងារអង្គការសហប្រជាជាតិ លោក Tedros Adhanom Ghebreyesus បាននិយាយនៅលើបណ្តាញ X ថា «នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បច្ចុប្បន្ននេះប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺ និងជម្លោះដោយការផ្ទុះឡើងជំងឺEbola នៅក្នុងខេត្ត Ituri ដែលលឿនជាងការឆ្លើយតប» ។