លោក Marco Rubio រដ្ឋមន្ត្រីការបរទេស បាននិយាយកាលពីថ្ងៃពុធ ទី២៧ ខែឧសភា ថា សហរដ្ឋអាមេរិក ត្រូវតែទប់ស្កាត់ករណីជំងឺអេបូឡាកុំឱ្យចូលទៅក្នុងប្រទេសពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលការផ្ទុះឡើងបណ្តាលឱ្យមានអ្នកស្លាប់ដែលសង្ស័យថាឆ្លងជំងឺនេះចំនួន២២០នាក់ និងមានករណីឆ្លងចំនួន៩០០ករណីរួចហើយ។

លោក Rubio បាននិយាយទៅកាន់លោកប្រធានាធិបតី Donald Trump នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «យើងមិនអាច និងមិនអនុញ្ញាតឱ្យមានករណីជំងឺអេបូឡាណាមួយ ចូលទៅក្នុងសហរដ្ឋអាមេរិកឡើយ»។

លោក Rubio និយាយថា «ក្រសួងការបរទេស និងទីភ្នាក់ងារផ្សេងៗទៀតដែលតំណាងនៅទីនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ ក្រសួងសុខាភិបាល និងស្ថាប័នដ៏ទៃទៀត កំពុងធ្វើការយ៉ាងប្រឹងប្រែងដើម្បីទប់ស្កាត់វិបត្តិចំពោះប្រទេសនានាដែលមានករណីជំងឺនេះនៅពេលបច្ចុប្បន្ន ជាពិសេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដូច្នេះយើងបានបង្កើនជំនួយដើម្បីធានាបានថា វាកំពុងត្រូវបានទប់ស្កាត់»។
កាលពីសប្តាហ៍មុនមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC)របស់សហរដ្ឋអាមេរិក បានដាក់ការរឹតត្បិតការចូលរយៈពេល៣០ថ្ងៃលើអ្នកធ្វើដំណើរដែលបានស្នាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ូហ្គង់ដា និងប្រទេសស៊ូដង់ខាងត្បូង រួមទាំងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដែលត្រូវបានគេដឹងថាជាអ្នកកាន់ប័ណ្ណបៃតង។ មជ្ឈមណ្ឌលក៏កំពុងត្រួតពិនិត្យអ្នកទាំងឡាយដែលធ្វើដំណើរពីប្រទេសទាំងនោះ នៅអាកាសយានដ្ឋានចំនួនបីកន្លែងរបស់សហរដ្ឋអាមេរិក។