ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានធ្វើការបូងសួងក្នុងពិធីបុណ្យ Eid កាលពីថ្ងៃពុធ ទី២៧ ខែឧសភា នៅទីលាន Al-Saraya ក្នុងទីក្រុងហ្កាហ្សាភាគកណ្តាល។

ពិធីបុណ្យ Eid al-Adha នៅឆ្នាំនេះ ធ្វើឡើងខណៈស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សានៅតែធ្ងន់ធ្ងរ ដោយគ្រួសារជាច្រើនដែលភៀសខ្លួននៅតែបន្តជ្រកកោននៅក្នុងតង់ចង្អៀត សាលារៀន ឬអគារដែលរងការបំផ្លាញដោយសារតែខ្វះជម្រើសសុវត្ថិភាព។

សញ្ញានៃការប្រារព្ធពិធីបុណ្យ Eid ត្រូវបានរឹតត្បិតបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ក្នុងពេលការទម្លាក់គ្រាប់បែកនៅតែបន្ត កង្វះខាតស្បៀង តម្លៃសត្វសម្រាប់ទិញយកទៅបូជាបានកើនឡើងខ្ពស់ ហើយស្ថានភាពរស់នៅកាន់តែលំបាក។ អ្នកស្រី Alaa Ahmad ដែលបានចូលរួមក្នុងពិធីបួងសួង បាននិយាយថា អ្នកស្រុកសង្ឃឹមថាថ្ងៃឈប់សម្រាកនាពេលខាងមុខនឹងកាន់តែប្រសើរ ដែលការពិតបច្ចុប្បន្ន គឺជា «សោកនាដកម្ម» ទោះបីជាមានសញ្ញាជីវិតដែលអាចមើលឃើញនៅក្នុងទីក្រុងក៏ដោយ។
អ្នកស្រីនិយាយថា ការទម្លាក់គ្រាប់បែកនៅតែបន្តនៅទូទាំងតំបន់ហ្កាហ្សា ហើយតម្លៃសត្វដែលត្រូវទិញសម្រាប់ការបូជាគឺហួសពីលទ្ធភាពរបស់អ្នកស្រុកភាគច្រើន ខណៈទីផ្សារប្រឈមទៅនឹងការខ្វះសាច់ និងទំនិញជាមូលដ្ឋានយ៉ាងខ្លាំង។