មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងតឺ(Lai Ching-te) បានជំរុញឱ្យសហរដ្ឋអាមេរិក បន្តលក់អាវុធ ដោយបានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំរវាងភាគីទាំងពីរ ទោះបីជាមានសម្ពាធពីប្រទេសចិនក៏ដោយ។ លោក ឡៃ បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងតៃប៉ិ។ លោកបាននិយាយសំដៅទៅលើក្របខ័ណ្ឌច្បាប់ ដែលគ្រប់គ្រងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។

លោក ឡៃ និយាយថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរឹងមាំដូចថ្មដែលកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានកសាងឡើងរយៈពេលជាច្រើនទសវត្សរ៍ បង្កើតឡើងដោយផ្អែកលើច្បាប់ស្តីពីទំនាក់ទំនងកោះតៃវ៉ាន់ និងឯកសារធានាចំនួន៦ច្បាប់ នឹងបន្តធ្វើឱ្យស៊ីជម្រៅ និងពង្រឹង តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ»។
ដោយនិយាយសំដៅទៅលើប្រទេសចិន លោក ឡៃ បានបន្ថែមថា កោះតៃវ៉ាន់ នឹងមិនអត់ឱនដល់ការផ្លាស់ប្តូរណាមួយចំពោះស្ថានភាពសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ឡើយ។

លោក Trump បាននិយាយថា ការលក់អាវុធដែលអាចកើតមានទៅឱ្យកោះតៃវ៉ាន់ អាចត្រូវបានប្រើប្រាស់ជាទម្ងន់នៃការចរចា ហើយលោកមានឆន្ទះសន្ទនាជាមួយលោក ឡៃ មុនពេលធ្វើការសម្រេចចិត្ត។ ប្រទេសចិនបានជំទាស់ទៅនឹងការលក់នេះ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកឈប់បញ្ជូនសញ្ញាខុស អំពីឯករាជ្យភាពរបស់កោះតៃវ៉ាន់។
