សៀមរាប៖ នៅថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន តំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងក្រុមការងារកងទ័ពជើងគោក ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានចូលរួមបេសកកម្មចុះពិនិត្យចម្ការមីនដែលមានទីតាំងក្នុងតំបន់យោធភូមិភាគ៥។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រុមការងារបានជួបប្រជុំនៅទីបញ្ជាការដ្ឋានយោធភូមិភាគ៥ ពិភាក្សាអំពីតួនាទីនិងភារកិច្ច និងស្វែងយល់បន្ថែមលើការងារបោសសម្អាតមីនបែបមនុស្សធម៌។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រុមការងារបានចុះពិនិត្យស្ថានភាពចម្ការមីនជាក់ស្តែង ដែលមានទីតាំងស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក និងភូមិព្រាវចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បេសកកម្មនេះ គឺជាជំហាននៃវឌ្ឍនភាពលើវិស័យបោសសម្អាតមីននៅកម្ពុជា ដែលជាការតាំងចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឲ្យបានជោគជ័យនូវគោលដៅ កម្ពុជាគ្មានមីននៅឆ្នាំ២០២៥៕








