ជើងហោះហើរដំបូងរបស់ជនជាតិហ្គាណាដែលត្រូវបានជម្លៀសចេញពីអាហ្វ្រិកខាងត្បូង ដោយសារភាពតានតឹងប្រឆាំងនឹងជនអន្តោប្រវេសន៍ បានចុះចតនៅអាកាសយានដ្ឋាន នៅក្នុងទីក្រុងអាក្រា (Accra) កាលពីថ្ងៃពុធ ហើយត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេស និងបទចម្រៀងស្នេហាជាតិ បានបន្លឺឡើងនៅលើឧបករណ៍បំពងសំឡេង នៅអាកាសយានដ្ឋាននោះ។

ជនជាតិហ្គាណាសរុបប្រមាណ ៨០០នាក់ ត្រូវបានគេរំពឹងថា នឹងចាកចេញពីអាហ្វ្រិកខាងត្បូង បន្ទាប់ពីទីក្រុងអាក្រាបានរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ដើម្បីឆ្លើយតបទៅនឹងរលកនៃការតវ៉ា និងអំពើហិង្សាដែលកំណត់គោលដៅទៅលើជនបរទេសដែលមានឯកសារ និងគ្មានឯកសារ នៅក្នុងប្រទេសនេះ។
លោក Victor Atsu Togbe ដែលស្ថិតក្នុងចំណោមអ្នកវិលត្រឡប់ប្រហែល ៣០០នាក់ បានចុះចត នៅរសៀលថ្ងៃពុធ បានប្រាប់សារព័ត៌មាន AFP នៅអាកាសយានដ្ឋានថា៖«ពុំមានភាពងាយស្រួលសម្រាប់យើងនៅអាហ្វ្រិកខាងត្បូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះទេ»។
«យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្គាណា ដែលបាននាំយើងចេញពីស្ថានភាពគំរាមកំហែងដ៏គ្រោះថ្នាក់នេះ»។

អាហ្វ្រិកខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចឧស្សាហកម្មរីកចម្រើនបំផុតរបស់ទ្វីបនេះ ជាយូរមកហើយ គឺជាគោលដៅសម្រាប់ពលករអាហ្វ្រិកទាំងស្របច្បាប់ និងគ្មានឯកសារ៕