កងទ័ពកូវ៉ែតបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងស្ទាក់ចាប់ការគំរាមកំហែងដោយមីស៊ីល និងយានដ្រូនរបស់សត្រូវ ប៉ុន្តែមិនបាននិយាយថា ពួកវាទាំងនោះមកពីណានោះទេ។

កងទ័ពបាននិយាយថា សំឡេងផ្ទុះណាមួយដែលឮនៅក្នុងប្រទេសនេះ គឺជាលទ្ធផលនៃការដែលប្រព័ន្ធការពារដែនអាកាស ស្ទាក់ចាប់ការគំរាមកំហែង ហើយបានជំរុញឲ្យប្រជាជនអនុវត្តតាមការណែនាំសន្តិសុខ និងសុវត្ថិភាព ដែលចេញដោយអាជ្ញាធរ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទៅលើអ្វីដែលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ជាប្រតិបត្តិការយានដ្រូនរបស់អ៊ីរ៉ង់ដែលគំរាមកំហែងដល់កងកម្លាំងអាមេរិក និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស។
អ៊ីរ៉ង់បានបញ្ជាក់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសអាមេរិក នៅម៉ោង ៤:៥០ ព្រឹក (ម៉ោង ០១: ២០ ម៉ោងសកល) បន្ទាប់ពីអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារនៅព្រឹកព្រលឹមរបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋាន Bandar Abbas ដោយពុំបាននិយាយថា មូលដ្ឋាននោះ នៅឯណាទេ៕