ប្រធានចារកម្មតាមអ៊ីនធឺណិតរបស់ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃពុធថា បញ្ញាសិប្បនិម្មិត (AI)គឺជា «កម្លាំងដែលមិនអាចបញ្ឈប់បាន» ដែលកំពុងត្រូវបានប្រើប្រាស់ជាអាវុធ តាមរបៀប ដែលមិនដូចសង្គ្រាមប្រពៃណី(ជម្លោះប្រដាប់អារុធរវាងរដ្ឋនិងរដ្ឋ)ទេ។

លោកស្រី Anne Keast-Butler នាយកទីភ្នាក់ងារចារកម្មទំនាក់ទំនង GCHQ បាននិយាយថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួន ស្ថិតនៅក្នុង «ចន្លោះរវាងសន្តិភាព និងសង្គ្រាម» ខណៈដែលរុស្ស៊ីបង្កើន «សកម្មភាពចម្រុះប្រចាំថ្ងៃ» របស់ខ្លួនប្រឆាំងនឹងលោកខាងលិច ទោះបីជាចំនួនស្លាប់របស់យុទ្ធជនរុស្ស៊ីនៅអ៊ុយក្រែន កើនឡើងជិត ៥០0.០០០នាក់ ហើយក៏ដោយ។

លោកស្រីបានលើកឡើងថា លោកខាងលិចប្រឈមនឹងការចាញ់ជម្លោះ ក្នុងលំហអ៊ីនធឺណិតប្រឆាំងនឹង រុស្ស៊ី និងសត្រូវផ្សេងទៀត ប្រសិនបើពលរដ្ឋ ក្រុមហ៊ុន និងរដ្ឋាភិបាលមិនការពារសន្តិសុខតាមអ៊ីនធឺណិត ឲ្យបានទាន់នោះទេ។
លោកស្រី Keast-Butler បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅមជ្ឈមណ្ឌលបំបែកកូដសង្គ្រាមលោកលើកទី ២ នៅជិតទីក្រុងឡុងដ៍ថា៖«ខ្ញុំបានចំណាយពេលបីទសវត្សរ៍ ធ្វើការក្នុងសន្តិសុខជាតិ ហើយហានិភ័យនៃការគណនាខុស គឺមានកម្រិតខ្ពស់ តាមដែលខ្ញុំធ្លាប់បានឃើញ»៕