មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba របស់អ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមមកពីអ៊ីស្រាអែល ចិន និងសហរដ្ឋអាមេរិក បានរកឃើញថា នៅពេលដែលអាយុជីវសាស្រ្តរបស់មនុស្សម្នាក់ខ្ពស់ជាងអាយុពិតប្រាកដរបស់ពួកគេ ហានិភ័យនៃការស្លាប់ និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កើនឡើងគួរឲ្យកត់សម្គាល់។

នៅក្នុងការសិក្សារបស់ពួកគេ ដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Aging and Disease ក្រុមនេះបានប្រើប្រាស់ការធ្វើតេស្តឈាមជាប្រចាំ រួមផ្សំជាមួយនឹងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតវិធីសាមញ្ញមួយ ដើម្បីរកឃើញភាពចាស់លឿនជាងមុន និងកំណត់អត្តសញ្ញាណមនុស្សដែលមានហានិភ័យសុខភាពខ្ពស់ជាច្រើនឆ្នាំមុនពេលជំងឺធ្ងន់ធ្ងរកើតឡើង។
ការសិក្សានោះបានរកឃើញថា រាល់ឆ្នាំជីវសាស្រ្តបន្ថែមលើសពីអាយុតាមលំដាប់លំដោយរបស់មនុស្សម្នាក់ បានបង្កើនហានិភ័យនៃការស្លាប់ ១៥ ភាគរយ និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៦ ភាគ រយ។
ហានិភ័យសុខភាព គឺពិតជាជាគួរឲ្យកត់សម្គាល់ណាស់ជាពិសេស នៅពេលដែលអាយុជីវសាស្រ្តលើសពីអាយុពិតប្រាកដជាងបីឆ្នាំ។ ការសិក្សានេះ បានតាមដានមនុស្សពេញវ័យជិត ២.៦០០ នាក់ នៅអ៊ីស្រា អែលអស់រយៈពេលជាង ៩ឆ្នាំ ហើយបានវិភាគការវាយតម្លៃលើទិន្នន័យផ្នែកវេជ្ជសាស្ត្រជាង ៦.៧០០ករណី៕
