មជ្ឈមណ្ឌលស្រាវជ្រាវការពារជាតិឈានមុខគេមួយ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះថា ជម្លោះ រវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ នឹងបង្កជាហានិភ័យមានការកើនឡើងនូវភាពតានតឹងខាងអាវុធនុយក្លេអ៊ែរ ដោយយោធាទាំង២ ទំនងជានឹងធ្វើប្រតិបត្តិការទូលំទូលាយដែលកំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជាការ និងទំនាក់ទំនងរបស់គូប្រជែង។
នៅក្នុងការវាយតម្លៃយុទ្ធសាស្ត្រមុនកិច្ចប្រជុំការពារជាតិប្រចាំឆ្នាំដ៏ធំបំផុតរបស់អាស៊ី នៅប្រទេសសិង្ហបុរី នាចុងសប្តាហ៍នេះ វិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស បានឲ្យដឹងថា ពិភពលោកកំពុងស្ថិតនៅលើចំណុចកៀកនឹងការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរថ្មីមួយ «ដែលមានតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាស្នូល»។
ការវាយតម្លៃរបស់ IISS បានបង្ហាញថា៖ «រដ្ឋក្នុងតំបន់ និងប្រទេសដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្រ កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ ខណៈដែលរដ្ឋមិនមានអាវុធនុយក្លេអ៊ែរ កំពុងបន្តស្វែងរកសមត្ថភាពវាយប្រហារធម្មតារយៈចម្ងាយឆ្ងាយ ដោយទាំង២ នេះ ផ្ដល់បញ្ហាប្រឈមដល់ស្ថិរភាពជាយុទ្ធសាស្ត្រ»។
បញ្ហាកោះតៃវ៉ាន់ រួមជាមួយនឹងជម្លោះ នៅអ៊ីរ៉ង់ និងភាពមិនប្រាកដប្រជា អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់នេះ ត្រូវបានគេរំពឹងថា នឹងលេចឡើងនៅក្នុងកិច្ចសន្ទនា Shangri-La របស់ IISS។ សន្និសីទក្រៅផ្លូវការនេះ ដំណើរការពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ដោយទាក់ឲ្យមានការមករួមប្រជុំគ្នានៃរដ្ឋមន្ត្រី ឧត្តមសេនីយ៍ ប្រមុខចារកម្ម អ្នកការទូត អ្នកវិភាគ និងក្រុមហ៊ុនផលិតអាវុធ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីមានជំនួបកំពូល រវាងប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីអាមេរិក លោក Donald Trump នៅទីក្រុងប៉េកាំង កាលពីដើមខែឧសភា ដែលនាំឲ្យមានក្ដីបារម្ភមួយចំនួន នៅក្នុងទីក្រុងតៃប៉ិ អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជួយគាំទ្រដល់ការពារខ្លួនរបស់កោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ៕

