ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹនៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះថា សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា កំពុងជំរុញឲ្យប្រទេសនានាបើកផ្លូវផ្គត់ផ្គង់ថ្មី និងងាកទៅរកធនធានក្នុងស្រុក ដើម្បីទប់ទល់នឹងវិបត្តិថាមពលដ៏ធំបំផុតរបស់ពិភពលោក។
នាយកប្រតិបត្តិ IEA លោក Fatih Birol បាននិយាយថា៖ «យើងកំពុងស្ថិតនៅក្នុងវិបត្តិសន្តិសុខថាមពលដ៏ធំបំផុត ដែលពិភពលោកបានជួបប្រទះ ហើយខ្ញុំជឿថា បញ្ហានេះ នឹងធ្វើឲ្យមានការកែប្រែយុទ្ធសាស្ត្រវិនិយោគឡើងវិញ នៅទូទាំងសកលលោក ដោយមានភាពស្រដៀងទៅនឹងការផ្លាស់ប្តូរដ៏ធំ ដែលថាមពលសកលធា្លប់បានជួបប្រទះ បន្ទាប់ពីមានវិបត្តិប្រេងនៅទសវត្សរ៍ឆ្នាំ១៩៧០»។

នៅក្នុងរបាយការណ៍វិនិយោគថាមពលពិភពលោករបស់ទីភ្នាក់ងារថាមពលនៃអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) លោកបានបន្ថែមថា៖ «យើងកំពុងឃើញកិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើង ដោយទាំងពីប្រទេសផលិត និងប្រទេសប្រើប្រាស់ ដើម្បីធ្វើពិពិធកម្មផ្លូវពាណិជ្ជកម្ម និងប្រភពថាមពល ដូចជាការជំរុញបំពង់បង្ហូរប្រេងថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ផ្សេងទៀត ម្យ៉ាងវិញទៀត និងងាកទៅរកធនធានដែលមានក្នុងស្រុកកាន់តែច្រើនឡើង»។
គួរបញ្ជាក់ថា IEA ប៉ាន់ប្រមាណថា ការវិនិយោគលើថាមពលសកល នឹងឈានដល់ ៣,៤សែនកោដិដុល្លារ នៅឆ្នាំ២០២៦ ដែលខ្ពស់ជាងឆ្នាំមុនបន្តិច ដោយប្រហែល ២,២សែនោដិដុល្លារ ត្រូវបានចំណាយទៅលើបណ្តាញអគ្គិសនី ការស្តុក ឥន្ធនៈបំភាយឧស្ម័នទាប នុយក្លេអ៊ែរ ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងអគ្គិសនីភាវូបនីយកម្ម៕

