ក្រុមហេសបូឡា នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារចំនួន ៣៧លើក ដែលផ្តោតលើកងកម្លាំងអ៊ីស្រាអែល និងទីតាំងយោធា នៅភាគខាងត្បូងនៃប្រទេសលីបង់ និងភាគខាងជើងអ៊ីស្រាអែល ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដោយបញ្ជាក់ថាប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដើម្បីការពារដែនដីរបស់លីបង់ និងជាការឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់របស់អ៊ីស្រាអែល។
ការវាយប្រហារទាំងនោះ រួមមានការវាយប្រហារដោយយានដ្រូនបំពាក់គ្រឿងផ្ទុះ ការបាញ់ស្រោចរ៉ូកែត និងការបាញ់មីស៊ីលប្រឆាំងរថក្រោះដែលផ្តោតលើទីតាំងប្រមូលផ្តុំរបស់កងទ័ពអ៊ីស្រាអែល យានយន្តយោធា និងទីតាំងយោធានៅភាគខាងត្បូងលីបង់ និងភាគខាងជើងអ៊ីស្រាអែល។
ជាមួយគ្នានេះ ក្រុមប្រដាប់អាវុធនៅលីបង់មួយនេះ បានឲ្យដឹងទៀតថា ខ្លួនបានកំណត់គោលដៅលើប្រព័ន្ធ Iron Dome នៅឯទីតាំងយោធា Jal al-Allam នៅភាគខាងជើងអ៊ីស្រាអែល ដោយប្រើប្រាស់យានដ្រូនបំពាក់គ្រឿងផ្ទុះ ហើយបានវាយប្រហាររថក្រោះ Merkava និងយានយន្តវិស្វកម្មយោធាជាច្រើនគ្រឿងទៀត។
ក្រុមនេះក៏បានបន្ថែមផងដែរថា យុទ្ធជនរបស់ខ្លួន បានវាយប្រហារកងកម្លាំងអ៊ីស្រាអែល នៅចម្ងាយកៀកគ្នា នៅតំបន់ Zawtar al-Sharqiya ដោយវាយរុញឲ្យពួកគេដកថយ មុនពេលកងកម្លាំងអ៊ីស្រាអែលបើកការបាញ់ផ្លោងយ៉ាងខ្លាំង នៅក្នុងតំបន់នោះ៕


