យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅជុំវិញទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីបានចេញការព្រមានឲ្យប្រជាជនជម្លៀសចេញ។

កាលពីថ្ងៃពុធ អ៊ីស្រាអែលបានប្រកាសតំបន់ទាំងអស់នៅភាគខាងត្បូងនៃទន្លេ Zahrani របស់ប្រទេសលីបង់ ជាតំបន់ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ (២៥ ម៉ាយ) ពីព្រំដែន រួមទាំងទីក្រុង Tyre ផងដែរ ជា «តំបន់ប្រយុទ្ធ» ហើយបានប្រាប់ប្រជាជនឲ្យជម្លៀសចេញ មុនការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
ការព្រមានយ៉ាងទូលំទូលាយនេះ ដែលជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់នៅថ្ងៃទី ១៧ ខែមេសា បានកើតឡើង នៅពេលដែលប្រជាជនលីបង់ជាច្រើន បានព្យាយាមប្រារព្ធពិធីបុណ្យមូស្លីម Eid Al-Adha។
នៅក្នុងបទបញ្ជាជម្លៀសថ្មីមួយដល់ប្រជាជននៅតំបន់ខ្លះនៃទីក្រុង Tyre នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនត្រូវបាន «បង្ខំឲ្យចាត់វិធានការយ៉ាងខ្លាំងក្លា» ប្រឆាំងនឹងក្រុមហេសបូឡា ហើយបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍នៅពេលក្រោយនៅលើបណ្តាះ Telegram ថា ខ្លួនបានចាប់ផ្តើមការវាយប្រហារដែលខ្លួនបានអះអាងថា កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា៕
