ស្ពានបេតុងចំនួន១កន្លែង នៅស្រុកជីក្រែង ខេត្តសៀមរាប ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាយ៉ាងល្អប្រសើរសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូន និងការធ្វើអាជីវកម្មនានា ដែលនេះជាការលើកកម្រិតជីវភាពរស់នៅ ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យវាយតម្លៃ លើការងារសាងសង់ស្ពានបេតុង ចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិចេក ឆ្លងទៅភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍន៍នេះក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តបេសកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជំរុញការស្ថាបនា ការស្តារ និងការថែទាំ ក្នុងនោះការតភ្ជាប់មិនថាស្ពាន និងបណ្តាញផ្លូវផ្សេងៗនៅតាមជនបទឡើយ ពិតជាមានសារៈសំខាន់ណាស់ ក្រៅពីការធ្វើដំណើរ ផ្លូវនិងស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ចបម្រើដល់ការដឹកជញ្ជូនដូចជា៖ ការដឹកកសិផលទៅកាន់ទីផ្សារ ទៅកាន់ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានា និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។
លោកជំទាវ បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តជំរុញអភិវឌ្ឍន៍លើវិស័យបម្រើដល់សង្គម និងសេដ្ឋកិច្ច ក្នុងនោះការអភិវឌ្ឍជនបទ គឺកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់សេវាសង្គមនានាជូនប្រជាពលរដ្ឋនៅតំបន់ជនបទដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងបញ្ហាអនាម័យជនបទ ជាពិសេសការស្ថាបនាផ្លូវ និងស្ពាននេះជាដើម ដើម្បីលើកកម្ពស់កម្រិតជីវភាពនៅជនបទឱ្យកាន់តែប្រសើរ។
ជុំវិញគម្រោងស្ពានខាងលើនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អ្នកទទួលការដែលបានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេស ដោយស្ពានមួយនេះនិងបានកំពុងសម្រួលដល់ ការធ្វើដំណើររបស់របស់ប្រជាពលរដ្ឋ។ លោកជំទាវបន្ថែមថា ទាក់ទងការអភិវឌ្ឍនៅតាមជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់បំផុត ទាំងការងារស្ថាបនា ការស្តារ និងការថែទាំ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដើម្បីរួមចំណែក ក៏ដូចជាការកែប្រែនូវលក្ខខណ្ឌ រស់នៅរបស់សហគមន៍ជនបទ លើផ្នែកសេដ្ឋកិច្ច និងសង្គម និងការប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានភាពរីកចម្រើនប្រកបដោយចីរភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សុន រ៉ាឌី










