កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើប្រទេសលីបង់ ជាទីដែលគោលដៅជាង ៥៥០កន្លែង ត្រូវបានវាយប្រហារ ចាប់តាំងពីដើមសប្តាហ៍មក។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖«ចាប់តាំងពីដើមសប្តាហ៍មក កងកម្លាំងការពារអ៊ីស្រាអែល ( IDF) បានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡាប្រហែល ៥៥០កន្លែង នៅក្នុងប្រទេសលីបង់»។

យោងតាមកងទ័ព នៅថ្ងៃពុធ IDF បានវាយប្រហាររចនាសម្ព័ន្ធយោធា មជ្ឈមណ្ឌលបញ្ជាការ និងទីតាំងបាញ់រ៉ូកែតដែលប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងជ្រលងភ្នំ Beqaa និងនៅទូទាំងភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារក៏បានកំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជាការ នៅក្នុងតំបន់ទីក្រុង Tyre ផងដែរ។
បទឈប់បាញ់ជាផ្លូវការរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ប៉ុន្តែភាគីទាំងពីរនៅបន្តការវាយប្រហារគ្នា នៅក្នុងតំបន់តាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមី ណេតាន់យ៉ាហ៊ូ បានប្រកាសនៅថ្ងៃទី ២៥ ខែឧសភាថា លោកបានបញ្ជាឲ្យកងទ័ពបង្កើនការវាយប្រហារលើក្រុមហេសបូឡា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនលើអ៊ីស្រាអែល៕
