អវកាសយានិករុស្ស៊ី ២នាក់របស់ក្រុមហ៊ុន Roscosmos បានដើរលើលំហរអាកាសនៅស្ថានីយអវកាសអន្តរជាតិ(ISS)ជាលើកដំបូងក្នុងឆ្នាំ ២០២៦នេះ ដើម្បីទទួលយកឧបករណ៍វិទ្យាសាស្រ្តដែលដាក់នៅក្រៅ ISS សម្រាប់ការស្រាវជ្រាវ ក៏ដូចជាដំឡើងកម្មវិធីថ្មី ដើម្បីពិសោធន៍សារធាតុវិទ្យុសកម្មរបស់ព្រះអាទិត្យ ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារអវកាសរុស្ស៊ី បានឲ្យដឹងថា លោក Sergey Kud-Sverchkov គឺជាមេបញ្ជាការបេសកកម្ម និងវិស្វករហោះហើរលោក Sergey Mikaev ត្រូវបានគេរំពឹងថា នឹងចំណាយពេលនៅលើលំហរអាកាសរយៈពេល ៥ម៉ោង ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Roscosmos និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រយៈពេលជាង ៦ម៉ោង និង ៦នាទីនៅក្រៅស្ថានីយអវកាស អវកាសយានិកទាំង ២រូប បានសម្រេចការងារជាច្រើន ក្រោមកម្មវិធីវិទ្យាសាស្រ្តហោះហើរនៅ ISS ។
ពួកគេបន្តថា ការងារធ្វើឡើងដោយអវកាសយានិករុស្ស៊ីទាំង ២រូប រួមមានទាំងការដំឡើងតេឡេស្កូបវិទ្យុសកម្ម ដែលត្រូវបានរចនាឡើង ដើម្បីអង្កេតព្រះអាទិត្យ ។
ពួកគេកត់សម្គាល់ឃើញថា ឧបករណ៍នេះ នឹងជួយក្រុមអ្នកវិទ្យាសាស្រ្តប្រមែប្រមូលព័ត៌មានបន្ថែមទៀតពីការកើតឡើងអណ្តាតភ្លើងព្រះអាទិត្យ ហើយនិងជួយធ្វើឲ្យកាន់តែសុក្រឹតចំពោះការព្យាករពីព្យុះម៉ាញ៉េទិក និងកាត់បន្ថយហានិភ័យនៃបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធលើផែនដី និងនៅលើទីអវកាស ៕

