អ្នកស្រុក និងភ្ញៀវទេសចរ នាំគ្នាងាកទៅរកប្រភពទឹកដូចជាទឹកបាញ់នៅទីក្រុងរ៉ូម ដើម្បីទទួលបានភាពត្រជាក់ ស្របពេលដែលប្រទេសអ៊ីតាលី កំពុងជួបរលកកម្តៅលើកដំបូងរបស់ខ្លួនក្នុងឆ្នាំនេះ ក្នុងនោះតំបន់ភាគខាងជើង និងតំបន់ភាគកណ្តាល រងផលប៉ះពាល់ខ្លាំងជាងគេ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៤-៣៥អង្សាសេ នៅតាមទីក្រុងជាច្រើន ។
សញ្ញាធូរស្រាលដំបូងអាចនឹងកើតឡើងនៅថ្ងៃព្រហស្បតិ៍នេះ ពេលដែលភ្លៀងធ្លាក់ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះ បើទោះបីជាទីក្រុង ៤ គឺទីក្រុង Turin, Bologna, Florence និងទីក្រុងរ៉ូម បន្តស្ថិតនៅក្នុងការប្រកាសអាសន្នពីរលកកម្តៅកម្រិតខ្ពស់ក៏ដោយ ។
ដើម្បីការពារហានិភ័យពាក់ព័ន្ធនឹងរលកកម្តៅនេះ អភិបាលក្រុងរ៉ូម បានចុះហត្ថលេខាលើវិធានការតម្រូវឲ្យកម្មករសំណង់ និងកម្មករក្នុងវិស័យកសិកម្ម ត្រូវសម្រាកនៅទីកន្លែងត្រជាក់ អំឡុងពេលអាកាសធាតុក្តៅបំផុត ។
គួរឲ្យដឹងថា របាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ (UN) និងការិយាល័យឧតុនិយមចក្រភពអង់គ្លេស បង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា សីតុណ្ហភាពសកលជាមធ្យម ត្រូវបានព្យាករថា នឹងឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសីតុណ្ហភាពអាកទិក ត្រូវបានគេរំពឹងថា នឹងឡើងក្ដៅលឿនជាងតំបន់ដទៃទៀត ៕

