ប្រមុខអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា លោកកំពុងធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីគាំទ្រសហការីដែលកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនូវជំងឺបណ្ដាលឲ្យមានមនុស្សស្លាប់ គឺ Ebola ដោយបង្ហាញទំនុកចិត្តថា ពួកគេនឹងទទួលបានជោគជ័យលើវីរុសនេះ។
យោងតាមតួលេខចុងក្រោយរបស់ស្ថាប័ននេះ បានបង្ហាញថា រហូតដល់ថ្ងៃទី២៤ ខែឧសភា WHO បានកត់ត្រាការស្លាប់ ដោយសារជំងឺ Ebola ចំនួន ១៩នាក់ និងករណីសង្ស័យ ២២៣នាក់ នៅកុងហ្គោ ចាប់តាំងពីការផ្ទុះឡើងនូវជំងឺនេះ ត្រូវបានប្រកាសននាពាក់កណ្តាលខែឧសភានេះ ក្នុងចំណោមករណីដែលត្រូវបានបញ្ជាក់ និងសង្ស័យជាង ១.០០០ករណី។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បារម្ភថា អសន្តិសុខនៅភាគខាងកើតកុងហ្គោ ដែលត្រូវបានញាំញីដោយជម្លោះអស់រយៈពេល ៣ទសវត្សរ៍មកហើយនោះ កំពុងធ្វើឲ្យពិបាកខ្លាំងណាស់ ក្នុងការទប់ស្កាត់ការផ្ទុះឡើងនូវជំងឺនេះ។
លោកវេជ្ជបណ្ឌិត Tedros បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ជំងឺ Ebola បានកើតឡើងជាថ្មីទៀតហើយ។ ខេត្ត Ituri កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង។ ខ្ញុំនឹងនៅទីតាំងជាក់ស្ដែងជាមួយក្រុម WHO ដៃគូ និងបុគ្គលិកសុខាភិបាលដ៏អស្ចារ្យរបស់យើង ដែលមិនដែលឈប់ប្រយុទ្ធឡើយ ដោយគ្រប់គ្នាធ្វើការក្រោមការដឹកនាំរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»។
លោកបានបន្ថែមថា៖ «១៦លើកមកហើយ ដែលប្រទេសនេះបានកម្ចាត់ជំងឺ Ebola។ លើកទី១៧ នឹងមិនខុសគ្នានោះទេ។ ប៉ុន្តែយើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ជាមួយគ្នា»។
គួរបញ្ជាក់ថា មិនមានវ៉ាក់សាំង ឬការព្យាបាល សម្រាប់វីរុស Ebola ប្រភេទ Bundibugyo ដែលជាមូលហេតុនៃការផ្ទុះឡើងនូវជំងឺនេះ នាពេលនេះ៕

