រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun នឹងមិនចូលរួមនោះទេ ក្នុងកិច្ចប្រជុំ Shangri-La នាសប្តាហ៍ បន្ទាប់ពីទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងបញ្ជូនគណៈប្រតិភូ «អ្នកជំនាញ និងបញ្ញវន្ត» មកពីកងទ័ពរំដោះប្រជាជន (PLA) ទៅកាន់វេទិកាសន្តិសុខមួយនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក Jiang Bin បាននិយាយនៅថ្ងៃទី២៨ ខែឧសភានេះថា ប្រទេសចិននឹងត្រូវបានតំណាងដោយមន្ត្រីមកពីវិទ្យាស្ថានស្រាវជ្រាវដែលគ្រប់គ្រងដោយ PLA និងកងទ័ពជើងទឹក។ នៅឆ្នាំ២០២៥ ទីក្រុងប៉េកាំងក៏បានបញ្ជូនគណៈប្រតិភូកម្រិតស្រដៀងគ្នានេះទៅកាន់ព្រឹត្តិការណ៍នេះផងដែរ។
នេះគឺជាឆ្នាំទី២ ហើយ ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun នឹងមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍នេះផ្តល់នូវឱកាសដ៏កម្រ សម្រាប់អន្តរកម្ម រវាងប្រមុខការពារជាតិចិន និងសហរដ្ឋអាមេរិក។
អំឡុងការជួបជុំឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានហៅប្រទេសចិនថា ជាការគំរាមកំហែងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានជំរុញឲ្យសម្ព័ន្ធមិត្តអាស៊ីបង្កើនការចំណាយ លើវិស័យការពារជាតិ ដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។ មន្ត្រីនៅទីក្រុងប៉េកាំងបានឆ្លើយតបវិញថា មតិយោបល់បែបនេះបានបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន និងរិះគន់ទីក្រុងវ៉ាស៊ីនតោនថា បានបង្កើតភាពតានតឹង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
លោក Hegseth នឹងថ្លែងសុន្ទរកថាក្នុងវេទិកានេះ នៅសប្តាហ៍នេះ៕
