ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះថា លោកបានទៅដល់ប្រទេសស៊ុយអែតហើយ ដែលជាដំណើរទស្សនកិច្ចការងារ។
ក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើកម្មវិធីផ្ញើសារ Telegram លោក Zelenskyy បានបញ្ជាក់ថា លោកមានគម្រោងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងធានាការគាំទ្រយោធាបន្ថែម សម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីស៊ុយអែត។

លោកបានបន្តថា៖ «ថ្ងៃនេះ ក្នុងដំណើរទស្សនកិច្ចការងារ នៅប្រទេសស៊ុយអែត យើងកំពុងរៀបចំកញ្ចប់ការពារជាតិដ៏ធំមួយ សម្រាប់អ៊ុយក្រែន និងជាជំហានដ៏រឹងមាំមួយឆ្ពោះទៅរកការទទួលបានយន្តហោះចម្បាំង Gripen ដែលពិតជានឹងធ្វើឲ្យប្រយុទ្ធផ្លូវអាកាសរបស់យើងកាន់តែមានប្រសិទ្ធភាព»។
ប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា កិច្ចប្រជុំត្រូវបានគ្រោងធ្វើឡើងជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson រួមជាមួយនឹងកិច្ចពិភាក្សាទូលំទូលាយដែលពាក់ព័ន្ធនឹងគណៈប្រតិភូ និងតំណាងមកពីឧស្សាហកម្មការពារជាតិស៊ុយអែត។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះកើតឡើង ក្នុងពេលដែលអ៊ុយក្រែនបន្តកិច្ចប្រឹងប្រែង ដើម្បីទទួលបានជំនួយយោធាបន្ថែមពីលោកខាងលិច រួមទាំងប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ និងយន្តហោះចម្បាំងទំនើបៗ ស្របពេលជម្លោះជាមួយរុស្ស៊ី មិនទាន់បញ្ចប់៕
