ប្រទេសរុស្ស៊ី និងអាហ្វហ្គានីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ក្នុងអំឡុងពេលមានវេទិកាសន្តិសុខអន្តរជាតិ នៅតំបន់មូស្គូ ខណៈដែលទីក្រុងមូស្គូបន្តពង្រីកទំនាក់ទំនងជាមួយអាជ្ញាធរដឹកនាំដោយតាលីបង់ នៅទីក្រុងកាប៊ុល។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា កាលពីល្ងាចថ្ងៃពុធ ដោយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Mohammad Yaqoob។
លោក Yaqoob បាននិយាយថា៖ «អន្តរកម្មជាមួយរុស្ស៊ី គឺមានសារៈសំខាន់ សម្រាប់ពួកយើង។ អាហ្វហ្គានីស្ថាន និងរុស្ស៊ី មានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង ហើយយើងចង់បន្តឆ្ពោះទៅមុខ ក្នុងទិសដៅនេះ។ ពួកយើងបានពង្រីកទំនាក់ទំនងទ្វេភាគី»។
ចំណែកលោក Shoigu បានលើកឡើងថា ប្រទេសលោកខាងលិច គួរតែលុបចោលការបង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាន ហើយទទួលខុសត្រូវ ចំពោះការកសាងប្រទេសនេះឡើងវិញ បន្ទាប់ពីមានវត្តមានយោធា ២ទសវត្សរ៍។
លោកបានបញ្ជាក់ថា៖ «យើងជឿជាក់ថា ប្រទេសលោកខាងលិចគួរតែលុបចោលការបង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាន ទទួលស្គាល់យ៉ាងពេញលេញនូវការទទួលខុសត្រូវរបស់ពួកគេ ចំពោះវត្តមានរយៈពេល ២០ឆ្នាំរបស់ពួកគេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងទទួលបន្ទុក ចំពោះការកសាងឡើងវិញ ក្រោយជម្លោះរបស់ប្រទេសនេះ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះកើតឡើងក្នុងពេលដែលទីក្រុងមូស្គូ និងអាជ្ញាធរតាលីបង់ មានទំនាក់ទំនងកាន់តែខ្លាំងឡើងៗ៕