ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការអនុញ្ញាតឲ្យប្រព័ន្ធមីស៊ីលអាមេរិក ត្រូវបានដាក់ពង្រាយ នៅលើទឹកដីជប៉ុន ដែលជាផ្នែកមួយនៃសមយុទ្ធយោធា នឹងគំរាមកំហែងដល់សន្តិសុខនៃព្រំដែនភាគខាងកើតរបស់ប្រទេសរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា៖ «រុស្ស៊ីចាត់ទុកការផ្តល់ទឹកដីរបស់ខ្លួន ឲ្យមានការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិក សម្រាប់សមយុទ្ធយោធាថា ជាជំហានមួយដែលគំរាមកំហែងដល់ព្រំដែនចុងបូព៌ារបស់រុស្ស៊ី»។
លោកស្រី Zakharova បានបន្តថា៖ «ទីក្រុងមូស្គូបានជូនដំណឹងម្តងហើយម្តងទៀតដល់ទីក្រុងតូក្យូ អំពីក្ដីបារម្ភរបស់ខ្លួន ដែលថា ការដាក់ពង្រាយមីស៊ីលណាមួយ នៅក្នុងប្រទេសជប៉ុន មានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ទៅលើស្ថិរភាព និងសន្តិសុខនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបង្កការគំរាមកំហែងដោយផ្ទាល់ដល់ព្រំដែនចុងបូព៌ារបស់យើង»។
លោកស្រីបានបន្ថែមថា៖ «យើងក៏បានព្រមានជាប់ជានិច្ចដល់ភាគីជប៉ុន ប្រឆាំងនឹងការសម្រេចចិត្តបែបនេះ ដែលយើងនឹងចាត់ថ្នាក់ថា ជាការធ្វើដោយចេតនា បង្កអរិភាព និងមិនអើពើនឹងផលប្រយោជន៍ជាតិរបស់សហព័ន្ធរុស្ស៊ី»៕