កម្មករនៅទីក្រុង Bordeaux ប្រទេសបារាំង និយាយថា ពួកគេពិបាកធ្វើការខ្លាំងណាស់នៅក្រោមអាកាសធាតុក្តៅខ្លាំងនាថ្ងៃព្រហស្បតិ៍នេះ ពេលដែលសីតុណ្ហភាពកើនឡើងដល់កម្រិតខ្ពស់បំផុត អំឡុងរលកកម្តៅខុសពីប្រក្រតី ។
កម្មករធ្វើផ្លូវនិយាយថា ពួកគេមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់ ពេលដែលពួកគេធ្វើការក្រោមកម្តៅព្រះអាទិត្យដោយផ្ទាល់បែបនេះ ទាំងខ្វះជាតិទឹកក្នុងខ្លួន និងខ្សោះក្នុងខ្លួនដោយសារអាកាសធាតុក្តៅ ។
លោក Henri Visse គឺជាកម្មករធ្វើផ្លូវមួយរូបនិយាយថា វាពិតជាពិបាកធ្វើការខ្លាំងណាស់ ។ កម្តៅចេញពីម៉ាស៊ីនផង ចេញពីឧបករណ៍ផង ហើយថែមទាំងគ្មានខ្យល់អាកាសទៀតផង ។
សីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣៨អង្សាសេនៅទីក្រុង Bordeaux ដែលជាសីតុណ្ហភាពពីលើកម្រិតមធ្យមប្រចាំរដូវ ស្របពេលដែលកម្តៅជាតិ បានបំបែកកំណត់ត្រារួចទៅហើយសម្រាប់ខែឧសភា ។
ដើម្បីទប់ទល់ជាមួយអាកាសធាតុក្តៅបែបនេះ ក្រុមហ៊ុនធ្វើផ្លូវ បានសម្រេចចិត្តសម្របតាមលក្ខខណ្ឌការងារ អំឡុងពេលក្តៅខ្លាំង រួមទាំងសម្រួលម៉ោងធ្វើការ និងផ្តល់ទឹកដល់កម្មករផងដែរ ៕