លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoygu បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះថា គំនិតផ្តួចផ្តើមសន្តិភាពរុស្ស៊ី-អាមេរិក ស្ដីពីអ៊ុយក្រែន កំពុង «ជាប់គាំង»។
នៅឯវេទិកាសន្តិសុខអន្តរជាតិ (International Security Forum) ក្នុងតំបន់មូស្គូ លោកបានលើកឡើងថា៖ «ឧបសគ្គចម្បង ចំពោះការអនុវត្ត គឺការមិនមានទាំងស្រុងនូវឆន្ទៈនយោបាយ ដើម្បីឲ្យមានសន្តិភាពពីរបបក្រុងគីវ និងការមានបំណងប្រាថ្នាឥតឈប់ឈររបស់ប្រទេសនេះ ក្នុងការបង្កើនភាពតានតឹង»។
លោក Shoygu បានប្រាប់ថា ថ្នាក់ដឹកនាំអ៊ុយក្រែន ខ្លាចមិនហ៊ានឲ្យមានដំណោះស្រាយនោះទេ ពីព្រោះវានឹងត្រូវទទួលខុសត្រូវ ចំពោះផលវិបាកនៃគោលនយោបាយរបស់ខ្លួន ក្នុងនោះរួមទាំងអ្វីដែលលោកបានពិពណ៌នាថា ជាវិបត្តិប្រជាសាស្ត្រ នៅក្នុងប្រទេសនេះ។
លោកបានបន្តថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ម្តងទៀតថា យើងឈរខាងសន្តិភាព និងលើកឡើងពីវា។ យើងយល់ថា វាស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឆ្ពោះទៅរកការដោះស្រាយដោយសន្តិភាពរយៈពេលវែង។ ប៉ុន្តែសម្រាប់បញ្ហានេះ ការប្រឈមមុខដាក់គ្នា និងមនោគមវិជ្ជាណាហ្ស៊ីដែលស្អប់ខ្ពើមរុស្ស៊ី ត្រូវតែលុបបំបាត់»។
ជាមួយគ្នានេះ លោក Shoygu បានផ្ដល់ហេតុផលថា ទីក្រុងគីវមានផលប្រយោជន៍ខាងសេដ្ឋកិច្ច ក្នុងការពន្យារពេល សម្រាប់ជម្លោះនេះ ដោយសារតែការពឹងផ្អែកលើជំនួយហិរញ្ញវត្ថុរបស់លោកខាងលិច។ ហើយលោកក៏បានអះអាងផងដែរថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងឡើងៗ ដែលរួមមានទាំងបំណុលកើនឡើង និងការពឹងផ្អែកលើការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិច៕