ក្រសួងការបរទេសរុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អឺរ៉ុបគួរតែបង្ហាញភ័ស្តុតាងមួយចំនួនពីការចោទប្រកាន់ថា ទីក្រុងមូស្គូ បានរំខានសញ្ញា GPS នៅអឺរ៉ុប ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយថា អ្នកដែលចោទប្រកាន់ពីការរំខានសញ្ញា GPS ពួកគេគួរតែផ្តល់ភ័ស្តុតាងមួយចំនួនជាមុនសិន ។
គួរឲ្យដឹងថា ប្រទេសឡាតវីនឹងបង្កើនប្រព័ន្ធការពារប្រឆាំងយានដ្រូននៅតាមព្រំដែនជាមួយរុស្ស៊ី ហើយនិងសម្ព័ន្ធមិត្តទីក្រុងមូស្គូ គឺប្រទេសបេឡារុស ជាការឆ្លើយតបនឹងយានដ្រូនដែលហោះចូលប្រទេសសមាជិកអង្គការណាតូមួយនេះ ។
យានដ្រូនអ៊ុយក្រែន បានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសរបស់បណ្តាប្រទេសតំបន់បាល់ទិករបស់អង្គការណាតូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាហេតុសាបព្រួសការភ័ណ្ឌភាំង និងបង្កើនភាពតានតឹងជាមួយរុស្ស៊ី ចំពេលដែលការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខសមូហភាពអង្គការណាតូ ស្ថិតក្នុងភាពស្រពិចស្រពិល ។
អ៊ុយក្រែនដែលមានគោលដៅលើកំពង់ផែស្តុកប្រេងតំបន់បាល់ទិករបស់រុស្ស៊ី បាននិយាយថា រុស្ស៊ីបានរំខាន់សញ្ញាយានដ្រូនរបស់ពួកគេ បណ្តាលឲ្យយានដ្រូនទាំងនោះ ហោះវង្វេងផ្លូវបែបនេះ ៕