ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិបាននិយាយថា អង្គការសហប្រជាជាតិ «បានដាក់បន្ថែមអ៊ីស្រាអែល ចូលទៅក្នុងបញ្ជីខ្មៅនៃអំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះ» ដែលជំរុញឱ្យអ៊ីស្រាអែលកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres។

លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បាននិយាយបន្ថែមនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ បណ្តាញ X កាលពីថ្ងៃព្រហស្បតិ៍ ដោយបានរិះគន់របាយការណ៍ពីការិយាល័យរបស់លោក Guterres ថា «យើងលែងចាប់អារម្មណ៍សម្តីរបស់លោកអគ្គលេខាធិការទៀតហើយ»។

របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ ត្រូវបានបង្ហាញតាមទម្លាប់ទៅកាន់រដ្ឋដែលពាក់ព័ន្ធមុនពេលចេញផ្សាយ។ កាលពីខែសីហា ឆ្នាំមុន របាយការណ៍នេះបានព្រមានថា អ៊ីស្រាអែលអាចនឹងត្រូវបានដាក់បន្ថែមចូលទៅក្នុងបញ្ជីនៃភាគីដែលសង្ស័យ ឬទទួលខុសត្រូវចំពោះអំពើហិង្សាផ្លូវភេទក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ។

លោក Danon បាននិយាយថា «ការសម្រេចដាក់អ៊ីស្រាអែលចូលទៅក្នុងបញ្ជីខ្មៅ និងចោទប្រកាន់យើងថាប្រើប្រាស់អំពើហិង្សាផ្លូវភេទជាអាវុធសង្គ្រាម គឺជាការសម្រេចបង្ខូចឈ្មោះ»។ «លោកអគ្គលេខាធិការ និងក្រុមរបស់លោក បន្តផ្សព្វផ្សាយការនិយាយកុហកប្រឆាំងអ៊ីស្រាអែល។ ការដាក់យើង និងភេរវករក្រុមហាម៉ាស ទៅក្នុងបញ្ជីដូចគ្នា គឺមិនអាចទទួលយកបានឡើយ»។