អគ្គមេធាវីរដ្ឋ New York និង New Jersey សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ពួកគេបានចេញដីកាកោះហៅទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដើម្បីស៊ើបអង្កេតលើការអនុវត្តន៍លក់សំបុត្រសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup 2026។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន អគ្គមេធាវីរដ្ឋញូវយ៉ក លោកស្រី Letitia James និងអគ្គមេធាវីរដ្ឋញូវជឺស៊ី លោកស្រី Jennifer Davenport បានបញ្ជាក់ថា ការស៊ើបអង្កេតនេះពាក់ព័ន្ធនឹងការប្រកួតចំនួន ៨ ប្រកួតដែលនឹងធ្វើឡើងនៅរដ្ឋ New Jersey រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៩ ខែកក្កដា ផងដែរ។
អាជ្ញាធរទាំងពីរបានឲ្យដឹងថា មានអ្នកគាំទ្របាល់ទាត់មួយចំនួនបានរាយការណ៍ថា ពួកគេមិនទទួលបានកៅអីស្ថិតក្នុងប្រភេទដែលពួកគេបានទិញឡើយ។ អ្នកដែលបានបង់ប្រាក់សម្រាប់សំបុត្រប្រភេទ Category 1 ដែលជាកៅអីនៅជិតទីលានបំផុត ត្រូវបានគេចាត់ឲ្យអង្គុយនៅតំបន់ Category 2 ដែលនៅឆ្ងាយជាង។
លោកស្រី Jodi Balsam សាស្ត្រាចារ្យច្បាប់នៅសាលាច្បាប់ Brooklyn Law School បានលើកឡើងថា ប្រសិនបើអ្នកគាំទ្របានទិញសំបុត្រដោយផ្អែកលើការផ្សព្វផ្សាយរបស់ FIFA អំពីទីតាំងអង្គុយ ប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្តូរទៅកន្លែងដែលមានគុណភាពទាបជាង នោះអាចចាត់ទុកថាជាការបំភាន់អ្នកប្រើប្រាស់ និងអាចរំលោភច្បាប់ការពារអតិថិជនរបស់រដ្ឋ New York និង New Jersey។
លើសពីនេះ អគ្គមេធាវីទាំងពីរក៏បានប្រកាសថា ពួកគេនឹងស៊ើបអង្កេតលើតម្លៃសំបុត្រផងដែរ ដោយអះអាងថា តម្លៃសំបុត្រឆ្នាំនេះ ខ្ពស់ជាងការប្រកួត World Cup មុនៗទាំងអស់។
ជាការឆ្លើយតប FIFA បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ។
គួរបញ្ជាក់ថា FIFA កំពុងប្រើប្រាស់ប្រព័ន្ធ “Dynamic Pricing” ជាលើកដំបូងសម្រាប់ World Cup ឆ្នាំ 2026 ដែលអនុញ្ញាតឲ្យតម្លៃសំបុត្រប្រែប្រួលទៅតាមតម្រូវការទីផ្សារ ចំនួនសំបុត្រនៅសល់ និងភាពពេញនិយមនៃការប្រកួត។
លោកស្រី Balsam បានបញ្ជាក់ថា ការកំណត់តម្លៃបែបនេះមិនខុសច្បាប់ឡើយ ប៉ុន្តែ FIFA ត្រូវមានភាពច្បាស់លាស់ និងតម្លាភាពចំពោះអ្នកទិញ។ លោកស្រីបានបន្ថែមថា “វាអាចត្រូវបានចាត់ទុកថាជាការបោកបញ្ឆោត ប្រសិនបើអតិថិជនត្រូវបានធ្វើឲ្យជឿថាពួកគេទិញសំបុត្រក្នុងតម្លៃ និងប្រភេទជាក់លាក់មួយ ប៉ុន្តែក្រោយមកតម្លៃ ឬប្រភេទកៅអីត្រូវបានផ្លាស់ប្តូរ។”
បន្ទាប់ពីមានការរិះគន់ខ្លាំងពីសាធារណជនអំពីតម្លៃសំបុត្រខ្ពស់ FIFA ក៏បានដាក់លក់សំបុត្រមួយចំនួនក្នុងតម្លៃ ៦០ ដុល្លារ ដែលស្ថិតនៅតំបន់ខ្ពស់ជ្រុងលើនៃកីឡដ្ឋាន។
ការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទឹកដីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា៕ អត្ថបទ៖នាង សុភាវុធ

