រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋឯកោមួយនេះថា កូរ៉េខាងជើងហាក់ដូចជាមិនចង់ចូលរួមជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឬជប៉ុនទេ ហើយកំពុងផ្តោតលើការបង្កើនការពឹងផ្អែកលើខ្លួនឯង និងពង្រឹងសមត្ថភាពយោធារបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីរូបនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៨ ឧសភាសប្ដាហ៍នេះ ថា កូរ៉េខាងជើងមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបើកបណ្តាញទំនាក់ទំនងសំខាន់ៗជាមួយសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងនៅឡើយទេ ហើយអ្វីដែលខ្លួនកំពុងធ្វើពេលនេះគឺបង្កើនសមត្ថភាពយោធារបស់ខ្លួនតែប៉ុណ្ណោះ។

យោងតាមប្រតិចារិកដែលបានចែករំលែកដោយក្រសួងការបរទេស លោក Vivian Balakrishnan ប្រមុខការទូតសិង្ហបុរីខាងលើ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េទាំងពីរ នៅថ្ងៃទី ២៦ និង២៧ ខែឧសភាសប្ដាហ៍នេះ ។ ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅកាន់កូរ៉េខាងជើងគឺនៅឆ្នាំ ២០១៨ ។
លោកបានបន្ថែមថា អ្វីដែលច្បាស់នោះគឺថា ពួកគេពិតជាមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីឥឡូវនេះ។ ចិននៅតែមិនអាចខ្វះបានចំពោះកូរ៉េខាងជើង ប៉ុន្តែពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបើកបណ្តាញទំនាក់ទំនងសំខាន់ៗជាមួយសហរដ្ឋអាមេរិក ឬជាមួយកូរ៉េខាងត្បូង និងជប៉ុននៅពេលនេះទេ។
ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានបង្ហាញចំណាប់អារម្មណ៍ម្តងហើយម្តងទៀតក្នុងការធ្វើកិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un៕

