នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានចេញបទបញ្ជាមួយ ដើម្បីឲ្យយោធាអ៊ីស្រាអែលបង្កើនការគ្រប់គ្រងលើតំបន់ហ្កាហ្សាពី ៦០ % ទៅ៧០%នៃដែនដីនេះ។

ថ្លែងនៅក្នុងសន្និសីទមួយនៅជ្រលងភ្នំ Jordan ក្នុងតំបន់វេសបែង ( West Bank) លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលបានគ្រប់គ្រង ៥០ % នៃទឹកដីនៃតំបន់ហ្កាហ្សា ហើយបានបង្កើនរហូតដល់៦០%។
បន្ទាប់មក លោក ណេតាន់យ៉ាហ៊ូ បានសួរថា តើគោលដៅបន្ទាប់ គឺជាអ្វី។ អ្នកចូលរួមមួយចំនួន បានស្រែកថា «គ្រប់គ្រង ១០០ %» ហើយលោកបាននិយាយថា «ចូរធ្វើតាមលំដាប់លំដោយ ដំបូង ៧០% យើងនឹងចាប់ផ្តើមជាមួយការងារនេះ។ យើងកំពុងទប់ស្កាត់ក្រុមហាម៉ាសយ៉ាងតឹងរ៉ឹងពីគ្រប់ទិសទី ហើយបន្ទាប់មកយើងនឹងដោះស្រាយជាមួយអ្នកដែលនៅសេសសំណល់»។
លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា អ៊ីស្រាអែលកំពុងស្ថិតក្នុងដំណើរការមួយ ដែលខ្លួនអាចប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងទិសដៅជាច្រើន ហើយចំាបាច់តែត្រូវកម្ទេចក្រុមហេសបូឡាទាំងស្រុង៕
