ក្រសួងសុខាភិបាលសាធារណៈលីបង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៨ឧសភា សប្ដាហ៍នេះ ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងដល់ ៣.៣២៤ នាក់ចាប់តាំងពីថ្ងៃទី២មីនា ២០២៦ ខណៈបច្ចុប្បន្នការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដោយមិនខ្វល់ពីបទឈប់បាញ់។

យោងតាមក្រសួងខាងលើ មនុស្ស ១០.០២៧ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃទី ២ ខែមីនា។
ក្រសួងបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ Choueifat ក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូតបានសម្លាប់មនុស្សបីនាក់ ស្ត្រីម្នាក់ កូនស្រីទើបនឹងកើតរបស់ខ្លួន និងកុមារស៊ីរីម្នាក់ និងបណ្ដាលឱ្យមនុស្ស ១៥ នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួងបាននិយាយថា អ្នករងរបួសរួមមានកុមារបីនាក់ និងស្ត្រីប្រាំនាក់។
នៅថ្ងៃដដែលការវាយប្រហាររបស់អ៊ីស្រាអែលបានកំណត់គោលដៅអគារលំនៅឋានមួយនៅ តំបន់Choueifat ជាតំបន់មួយនៅជិតអាកាសយានដ្ឋានអន្តរជាតិ Beirut-Rafic Hariri។
បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់បានចូលជាធរមាននៅក្នុងខែមេសា ២០២៦នេះ។ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារស្ទើរតែរាល់ថ្ងៃនៅក្នុងប្រទេសលីបង់ ខណៈក្រុមហេសបូឡាបានបើកការវាយប្រហារទៅលើទីតាំងយោធាអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់លើគោលដៅជាង១៥០កន្លែងរបស់ក្រុមហេសបូឡាទូទាំងតំបន់ Tyre តំបន់ Nabatieh និងជ្រលងភ្នំ Bekaa Valley ក្នុងពេល២៤ម៉ោងកន្លងទៅ ៕