កាលពីថ្ងៃព្រហស្បតិ៍ កូវ៉ែតបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅទឹកដីរបស់ខ្លួន ដោយព្រមានថា ការវាយប្រហារនេះ បានគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្រសួងការបរទេសកូវ៉ែត បានពិពណ៌នាអំពីការវាយប្រហារទាំងនេះថា ជា «ការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់» និង «ការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសកូវ៉ែត» ដែលបង្ក«ការគំរាមកំហែងដោយផ្ទាល់» ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ក្រសួងបាននិយាយថា ការវាយប្រហារទាំងនេះ បានកើតឡើង នៅពេលវេលាដ៏គ្រោះថ្នាក់មួយ ខណៈដែល«បណ្តាប្រទេសជាបងប្អូន និងជាមិត្ត» កំពុងធ្វើការដើម្បីកាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព នៅក្នុងតំបន់។
ក្រសួងបានបន្ថែមថា៖«ការវាយប្រហារទាំងនេះធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលមានគោលបំណងរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់»៕
