មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានអំពាវនាវឲ្យមានការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កករបស់ អ៊ីរ៉ង់ «ដោយគ្មានលក្ខខណ្ឌ និងពេញលេញ»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim។

លោក Ali Bagheri Kani អនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ បានថ្លែងថា៖«យើងស្វែងរកការដោះលែងទ្រព្យសកម្មអ៊ីរ៉ង់ទាំងអស់ដែលត្រូវបានបង្កកដោយសហរដ្ឋអាមេរិក ហើយនេះ គឺជាសិទ្ធិស្របច្បាប់របស់ប្រទេសអ៊ីរ៉ង់»។
លោកបានសង្កត់ធ្ងន់ថា ទ្រព្យសកម្មរបស់អ៊ីរ៉ង់ ត្រូវតែប្រគល់ឲ្យប្រទេសនេះវិញ «ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ»។

គណៈប្រតិភូអ៊ីរ៉ង់កម្រិតខ្ពស់មួយ បានទៅដល់ទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតា កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយមន្ត្រីកាតាលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបានជាមួយសហរដ្ឋអាមេរិក និងការដោះលែងមូលនិធិដែលត្រូវបានបង្កកដោយសហរដ្ឋអាមេរិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានទាមទារឲ្យមានការដោះលែងទ្រព្យសកម្មរបស់ខ្លួនដែលមានតម្លៃ ២៤ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលចរចាជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់សង្គ្រាមនេះ៕