ថ្មីៗនេះ ទស្សនាវដ្តីដ៏ធំមួយរបស់ពិភពលោក បានទទួលស្គាល់ប្រទេសកម្ពុជា ជាសកលនៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazine ហើយបើតាមភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជា នៅដើមរដូវទេសចរណ៍បៃតងឈានចូលមកដល់នេះ ក៏បានទទួលបានកម្ពុជា ជាគោលដៅទេសចរណ៍បៃតង និងមានភាពទាក់ទាញខ្លាំងនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។
ភ្ញៀវទេសចរអន្តរជាតិ មកពីបណ្តាប្រទេសផ្សេងៗគ្នា បានថ្លែងប្រាប់BTVនៅថ្ងៃទី២៩ ខែឧសភានេះថា ប្រទេសកម្ពុជា ជាប្រទេសដែលសមនឹងទទួលស្គាល់ជាសកលនៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazineនេះ ដោយសារ ការដើរកម្សាន្តរបស់គេនៅក្នុងអំឡុងពេលនេះ គឺគ្រប់ទីកន្លែង គ្រប់គោលដៅទេសចរណ៍ទាំងអស់ តាំងពីទីក្រុងរហូតដល់ជនបទ សុទ្ធតែមានទេសភាពបៃតង បរិស្ថានធម្មជាតិស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ អនាម័យ មានសុវត្ថិភាព ស្ងប់ស្ងាត់ និងមានទាក់ទាញ់បំផុត ហើយគ្រប់ទេសចរអន្តរជាតិ ក៏បានអំពាវនាវទេសចរអន្តរជាតិនានាទៀត នាំគ្នាមកទស្សនាកម្ពុជា នៅក្នុងរដូវទេសចរណ៍បៃតង ខណៈគ្រប់គោលដៅទេសចរណ៍ និងសេវាកម្មទេសចរណ៍នានា ត្រូវបានបញ្ចុះតម្លៃនៅគ្រប់ទីកន្លែងទាំងអស់គ្នា។
សូមបញ្ជាក់ថា ការទទួលស្គាល់ប្រទេសកម្ពុជា ជាសកល នៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazine គឺបានធ្វើឡើងស្របពេលដែល ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជា ប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្រោយពីមានការស្ទង់មតិ និងផ្តល់ចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។
នៅក្នុងលទ្ធផលរបាយការណ៍សិក្សាស្រាវជ្រាវរបស់U.S. News & World Report បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។
របាយការណ៍នេះ ក៏បានត្រូវបានកេហទំព័រ SEA Infographics បានយកផ្សព្វផ្សាយបន្តថា កម្ពុជាជាប្រទេសដែលមាន បរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅលើពិភពលោក និងដូចគ្នាដែរ ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕ អត្ថបទ ស៊ុម សុខជា







