ការចំណាយរបស់សហរដ្ឋអាមេរិកលើប្រតិបត្តិការយោធានៅអ៊ីរ៉ង់ បានលើសពី ៩៥,២ ពាន់លាន ដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Iran War Cost Tracker។

ការរាប់ពេលវេលាជាក់ស្តែងរបស់គេហទំព័រនេះ គឺផ្អែកលើការធ្វើបច្ចុប្បន្នភាពរបស់មន្ទីរបញ្ចកោណទៅកាន់សភាអាមេរិក នៅថ្ងៃទី ១០ ខែមីនា ដែលបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ ១១,៣ ពាន់លានដុល្លារ ក្នុងអំឡុងពេល ៦ ថ្ងៃដំបូងនៃអរិភាពនៅមជ្ឈិមបូព៌ា ហើយបានគ្រោងនឹងចំណាយប្រាក់បន្ថែម ១ ពាន់លានដុល្លារសម្រាប់ថ្ងៃនីមួយៗនៃជម្លោះនេះ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបញ្ជាក់ពីភាពត្រឹមត្រូវ នៃការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាមបានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅលើទីតាំងនានា នៅអ៊ីស្រា អែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី កូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រា អែល៕
