រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានធ្វើដំណើរទៅដល់សិង្ហបុរីនៅថ្ងៃសុក្រនេះ មុនវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងសប្តាហ៍នេះ ។
រដ្ឋមន្រ្តីការពារជាតិចិនលោក Dong Jun ពុំចូលរួមព្រឹត្តការណ៍ក្នុងសប្តាហ៍នេះឡើយ ក្រោយទីក្រុងប៉េកាំងនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងបញ្ជូនគណៈប្រតិភូរបស់ក្រុមអ្នកជំនាញ និងក្រុមអ្នកស្រាវជ្រាវមកពីកងទ័ពរំដោះប្រជាជនឲ្យចូលរួមវេទិកាសន្តិសុខមួយនេះ ។

លោក Jiang Bin គឺជាអ្នកនាំពាក្យក្រសួងការជាតិចិន និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចិននឹង តំណាងដោយក្រុមមន្រ្តីមកពីវិទ្យាស្ថាន និងកងទ័ពជើងទឹកគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជន ។
កាលពីឆ្នាំមុន ទីក្រុងប៉េកាំង បានបញ្ជូនគណៈប្រតិភូកម្រិតទាបស្រដៀងគ្នានេះផងដែរ ដើម្បីចូលរួមព្រឹត្តការណ៍មួយនេះ ។ វាគឺជាឆ្នាំទី ២ហើយ ដែលរដ្ឋមន្រ្តីការពារចិនលោក Dong Jun ពុំចូលរួមវេទិកាខាងលើ គឺជាព្រឹត្តការណ៍មួយដែលនឹងផ្តល់នូវឱកាសដ៏កម្រមួយ សម្រាប់ការប្រាស្រ័យទាក់ទងគ្នា រវាងប្រធានការពារជាតិចិន និងសហរដ្ឋអាមេរិក ។
នៅក្នុងពិធីជួបជុំគ្នាកាលពីឆ្នាំមុននៅសិង្ហបុរី រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានចាត់ទុកចិនថា ជាការគំរាមកំហែងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនិងជំរុញឲ្យសម្ព័ន្ធមិត្តអាស៊ី បង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីទប់ទល់ជាមួយទីក្រុងប៉េកាំង ។
ក្រុមមន្រ្តីនៅទីក្រុងប៉េកាំង និយាយថា សេចក្តីអត្ថាធិប្បាយបែបនេះ បង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន ហើយនិងបានរិះគន់ទីក្រុងវ៉ាស៊ីនតោនថា បានបង្កភាពតានតឹងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕
