យោងតាមរបាយការណ៍ដែលបានពិនិត្យដោយសារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា កងកម្លាំងសន្តិសុខអ៊ីស្រាអែល និងរុស្ស៊ី ត្រូវបានបន្ថែមទៅក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីអំពើហិង្សាផ្លូវភេទ ក្នុងជម្លោះ។

ដោយត្រូវបានចេញជារៀងរាល់ឆ្នាំដោយ UN បញ្ជីនេះរួមមានក្រុមរដ្ឋ និងមិនមែនរដ្ឋរាប់សិបដែលសង្ស័យថា បានពាក់ព័ន្ធ «ជាប្រព័ន្ធ" ក្នុងអំពើហិង្សាផ្លូវភេទ នៅក្នុងប្រទេសនានា ដូចជាស៊ូដង់ ហៃទី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មីយ៉ាន់ម៉ា ស៊ីរី និងម៉ាលីជាដើម។ កាលពីខែសីហា ឆ្នាំមុន អគ្គលេខាធិការ UN លោក Antonio Guterres បានព្រមានអ៊ីស្រាអែល និងរុស្ស៊ីអំពីលទ្ធភាពដែលអាចមានការដាក់បញ្ចូលទៅក្នុងបញ្ជីនេះ។ ទោះបីជាមានការព្រមានក៏ដោយ ក៏របាយការណ៍នេះ លើកឡើងថា «ឧប្បត្តិហេតុ និងគំរូនៃអំពើហិង្សាផ្លូវភេទនៅតែត្រូវបានបន្តកត់ត្រា ដោយ UN ក្នុងសង្គ្រាមនៅអ៊ុយក្រែន និងនៅទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។
យោងតាមរបាយការណ៍ដែលសារព័ត៌មាន AFP បានឃើញ មុនពេលចរាចរ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញថា អ្នកស៊ើបអង្កេត UN បានប្រឈមមុខនឹង `ការបដិសេធមិនឲ្យចូលប្រើប្រាស់ជាបន្តបន្ទាប់» ពីអាជ្ញាធរ នៅក្នុងប្រទេសទាំងពីរ។
របាយការណ៍នេះ បានបញ្ជាក់ថា ទាក់ទងនឹងអ៊ីស្រាអែល «នៅឆ្នាំ២០២៥ គំរូនៃអំពើហិង្សាផ្លូវភេទលើជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួន នៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ នៅតែត្រូវបានបន្តកត់ត្រា»។ សម្រាប់រុស្ស៊ីវិញ របាយការណ៍នេះបានបង្ហាញពីអំពើហិង្សាផ្លូវភេទ នៅក្នុងទឹកដីរបស់អ៊ុយក្រែនដែលត្រូវបានកាន់កាប់ និងនៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធ និងសេវាពន្ធនាគារ ជាពិសេស លើអ្នកទោសសង្គ្រាម (ឈ្លើយសឹក) ដែលបានផ្តល់សក្ខីកម្ម បន្ទាប់ពីពួកគេត្រូវបានដោះលែង។
គួរបញ្ជាក់ថា រុស្ស៊ី ចាប់តាំងពីឆ្នាំ២០២៣ និងអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០២៤ ក៏បានមានឈ្មោះផងដែរនៅក្នុង «បញ្ជីពេញដោយភាពអាម៉ាស់» ប្រចាំឆ្នាំមួយផ្សេងទៀតរបស់ UN ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាក់ទងនឹងអំពើហិង្សា លើកុមារ នៅក្នុងជម្លោះ៕


