ប្រមុខបញ្ជាការប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍មួយទៅកាន់សភាថា យោធាអាមេរិកកំពុងស្វែងរកដោយស្ងាត់ៗ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ ឬប្រយុទ្ធទល់នឹងចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ក្នុងនោះរួមទាំងការមានគ្រាប់បែកកម្ទេចនាវាចម្បាំងថ្មី និងការដាក់មីនសមុទ្រទំនើបៗផងដែរ។
ឯកសារដែលមានចំនួន ១២១ទំព័រនេះ ប្រើភាសាកាន់តែតានតឹង ដើម្បីពិពណ៌នា អំពីចេតនាយោធារបស់ទីក្រុងប៉េកាំង ជាងរដ្ឋបាលលោកប្រធានាំធិបតី Donald Trump ដែលមានភាពផ្សះផ្សាជាមួយប្រទេសចិន ជាពិសេសមុនជំនួបកំពូលរបស់លោក Trump ជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំង។

នៅក្នុងរបាយការណ៍ទៅកាន់សមាជិកសភាអាមេរិកដែលសារព័ត៌មាន Bloomberg News ទទួលបាន លោកឧត្តមនាវីឯក Samuel Paparo បានលើកឡើងថា៖ «កងទ័ពរំដោះប្រជាជន (PLA) របស់ប្រទេសចិន កំពុងមាននូវការពង្រីកជាប្រវត្តិសាស្ត្រ នៅទូទាំងគ្រប់វិស័យទាំងអស់ ហើយកំពុងហ្វឹកហាត់ សម្រាប់បេសកកម្មចម្បងចំនួន ២។ ទី១ បង្ខំឲ្យកោះតៃវ៉ាន់ព្រមបង្រួបបង្រួម និងទី២ ទប់ទល់នឹងសមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយការត្រៀមខ្លួនខាងយោធា ត្រូវបានកំណត់គោលដៅនៅឆ្នាំ២០២៧»។
របាយការណ៍នេះរៀបរាប់យ៉ាងលម្អិត អំពីរបៀបដែលអ្នករៀបចំផែនការយោធា នឹងបែងចែកមូលនិធិ នៅតំបន់អាស៊ី ពីសំណើថវិកាការពារជាតិចំនួន ១,៥សែនកោដិដុល្លាររបស់រដ្ឋបាលលោក Trump។ ហើយលោកឧត្តមនាវីឯក Paparo បានជំរុញឲ្យសមាជិកសភាអនុម័តការបង្កើនការចំណាយដ៏ច្រើននេះ ដោយបង្កើន ៤៤ភាគរយខ្ពស់ជាងឆ្នាំមុន ដើម្បី «ការពារមាតុភូមិ និងយកជ័យជម្នះលើយុទ្ធសាស្ត្រមិនស៊ីចង្វាក់គ្នារបស់គូប្រជែង»៕
