កងទ័ពអ៊ីស្រាអែល នៅថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារមួយដែលបានធ្វើឡើងនៅតំបន់ហ្កាហ្សា កាលពីដើមសប្តាហ៍នេះ។
កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Imad Hassan Hussein Aslim គឺជាមេបញ្ជាការរងនៃកងពលតូចក្រុងហ្កាហ្សា (Gaza City Brigade)។
កងទ័ពបានបន្ថែមថា លោកក៏មានតួនាទីផងដែរជាមេបញ្ជាការកងវរសេនាតូច Zeitoun នៃកងពលតូច Qassam ដែលជាអង្គភាពយោធារបស់ក្រុមហាម៉ាស។ យោធាបានចោទប្រកាន់ថា លោក Aslim បានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ដោយមិនបានបញ្ចេញឈ្មោះឲ្យដឹង កងទ័ពបានបន្ថែមថា ការវាយប្រហារដែលបានសម្លាប់លោក Aslim នេះ ក៏បានកំណត់គោលដៅលើមេបញ្ជាការរបស់ក្រុមហាម៉ាសម្នាក់ទៀតផងដែរ។ មិនមានការអត្ថាធិប្បាយភ្លាមៗឡើយ ពីក្រុមហាម៉ាស ឬកងពលតូច Qassam ជុំវិញការអះអាងរបស់អ៊ីស្រាអែលនេះ។
ការអះអាងចុងក្រោយបំផុតរបស់អ៊ីស្រាអែលនេះ កើតឡើងស្របពេលមានការរំលោភបន្តបន្ទាប់ លើបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីខែតុលាឆ្នាំមុន។ យោងតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន ៩២២នាក់ ត្រូវបានសម្លាប់ និង ២.៧៨៦នាក់រងរបួស ដោយសារការរំលោភលើបទឈប់បាញ់ ចាប់តាំងពីពេលនោះមក៕