ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការចូលរួមក្នុងការសន្ទនាជាមួយកូរ៉េខាងជើង ហើយជឿជាក់ថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបនៅទីបំផុត ចំពោះកិច្ចប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការកែលម្អទំនាក់ទំនង។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេស លោក Cho Hyun ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ។
លោក Cho បាននិយាយថា ឆន្ទៈរបស់ទីក្រុងសេអ៊ូលក្នុងការចូលរួម ត្រូវបានបញ្ជូនទៅកាន់កូរ៉េខាងជើងតាមរយៈរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ដែលទើបតែបានទៅទស្សនកិច្ចទីក្រុងព្យុងយ៉ាងថ្មីៗនេះ។
លោក Cho បានបញ្ជាក់ថា៖ «នៅពេលនេះ មិនមានសញ្ញាណាមួយដែលអាចមើលឃើញថា កូរ៉េខាងជើងនឹងវិលត្រឡប់មករកការសន្ទនាវិញទេ។ ប៉ុន្តែយើងបានបង្ហាញទាំងស្រុងពីឆន្ទៈរបស់យើង ក្នុងការចូលរួមក្នុងការសន្ទនា ហើយខ្ញុំជឿថា ប្រទេសកូរ៉េខាងជើងនឹងឆ្លើយតបនៅទីបំផុត»។
គួរបញ្ជាក់ថា ទំនាក់ទំនងអន្តរកូរ៉េ នៅតែមានភាពតានតឹង ខណៈដែលទីក្រុងព្យុងយ៉ាង បន្តពិពណ៌នា អំពីទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ក្រោមក្របខ័ណ្ឌ «រដ្ឋអរិភាព ២» ពោលគឺមិនមែនជាមិត្ត តែជាសត្រូវ។
កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើង អ្នកការទូតជាន់ខ្ពស់របស់សិង្ហបុរី បាននិយាយថា ទីក្រុងព្យុងយ៉ាង បច្ចុប្បន្នហាក់ដូចជាមិនព្រមចូលរួមជាមួយសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងទេ ហើយផ្ទុយទៅវិញ កំពុងផ្តោតលើការពង្រឹងការពឹងផ្អែកលើខ្លួនឯង និងការទប់ស្កាត់យោធា៕